ឯកឧត្តម សុខ លូ នាំអំណោយសម្ដេចធិបតី ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ១.៣០០គ្រួសារ
AKP បាត់ដំបង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១.៣២៤គ្រួសារនៅក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេស ត្រូវប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។

ឯកឧត្តមបានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងចៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦ នេះ មានរយៈពេល ៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀង បានបង្ហាញអារម្មណ៍កក់ក្ដៅដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ។ ប្រជាពលរដ្ឋមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋគ្រប់ពេលវេលា៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





