គម្រោងបង្កើតតំបន់ឧស្សាហកម្មបំពាក់ដោយបរិក្ខារពេញលេញ តម្លៃ ១០៤កោដិរូពី នៅណយហ្គាម ដែនដីកាស្មៀរ
AKP ភ្នំពេញ ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ -- គម្រោងបង្កើតតំបន់ឧស្សាហកម្មថ្មីមួយទំហំ ៥០អាក ( ប្រមាណ ២០ហិកតា) ក្រោមទុនវិនិយោគ ១០៤,០២កោដិរូពី (ប្រហែល ១២,៥លានដុល្លារអាម៉េរិក) កំពុងធ្វើឡើងនៅតំបន់ណយហ្គាម ក្នុងក្រុងស្រ៊ីនីហ្ការ ដើម្បីជំរុញសេដ្ឋកិច្ចតំបន់កាស្មៀរ។
តំបន់ឧស្សាហកម្មនេះ ត្រូវបានរចនាឡើងជាលក្ខណៈ បំពាក់ដោយបរិក្ខារពេញលេញ "Plug-and-Play" មានន័យថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ដូចជា ប្រព័ន្ធអគ្គិសនី ទឹកស្អាត ផ្លូវថ្នល់ ប្រព័ន្ធប្រព្រឹត្តិកម្មកាកសំណល់ បណ្តាញអ៊ីនធឺណិត នឹងត្រូវរៀបចំរួចរាល់ជាស្រេចមុនពេលក្រុមហ៊ុនផ្សេងៗចូលមកបើកអាជីវកម្ម ដែលធ្វើឱ្យពួកគេអាចដំឡើងគ្រឿងចក្រ ហើយចាប់ផ្តើមដំណើរការបានភ្លាមៗដោយមិនបាច់រង់ចាំយូរ។ តំបន់នេះបែងចែងជា ៣៩ប្លង់ សម្រាប់វិស័យឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន ពាណិជ្ជកម្ម លំនៅដ្ឋាន និងតំបន់សាធារណៈឬហេដ្ឋារចនាសម្ព័ន្ធ -ល-។ ផ្នែកឧស្សាហកម្មនឹងកាន់កាប់ផ្ទៃដីទំហំ ៣០,៥អាក ក្នុងចំណោមផ្ទៃដីសរុប ៥០អាក។
តំបន់ឧស្សាហកម្មនេះ ក៏បែងចែកជា ១៧កន្លែងផ្សេងទៀត ដែលមានទំហំចាប់ពី ១ ដល់ ៥អាក និង ១១ប្លង់ទៀតសម្រាប់សហគ្រាសធុនតូច និងមធ្យម (MSME) ដែលមានទំហំរហូតដល់ ១អាកក្នុងមួយឡូត៍។ គម្រោងប្លង់មេនេះក៏បានបម្រុងទុកដីទំហំ ៣,៥៥អាក សម្រាប់មជ្ឈមណ្ឌលដឹកជញ្ជូន និង ១,១៥ អាក សម្រាប់អគារបច្ចេកវិទ្យាព័ត៌មាន (IT) ផងដែរ។
តំបន់ឧស្សាហកម្មនេះ នឹងមានបំពាក់ឃ្លាំងត្រជាក់ និងប្រព័ន្ធរក្សាគុណភាពកម្រិតខ្ពស់ កន្លែងបែងចែកឥវ៉ាន់ និងរៀបចំវេចខ្ចប់ផ្លែប៉ោម ខ្សែច្រវាក់ផលិតកម្មទឹកផ្លែឈើ និងកែច្នៃសាច់ផ្លែឈើ ព្រមទាំងរោងចក្រកែច្នៃដំណាប់ និងចាហួយផ្សេងៗ។ នៅពេលសាងសង់រួចរាល់ ទីនេះនឹងក្លាយជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្មធំទីបីនៅក្នុងតំបន់កាស្មៀរ បន្ទាប់ពីមជ្ឈមណ្ឌល Lassipora (ក្នុងស្រុក Pulwama) និងមជ្ឈមណ្ឌលនៅ Shopian៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា)





