ព្រះចៅអធិការវត្តអូរត្រេះចូលរួមសកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--នៅរសៀលថ្ងៃពុធទី១៤ ខែតុលា ឆ្នាំ២០២៦នេះ ព្រះគ្រូឆន្ទវិសុទ្ធិ មាស សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះបាឡាត់គណខេត្តព្រះសីហនុ ជាព្រះចៅអធិការវត្តអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំយកគ្រឿងឧបភោគបរិភោគ ទេយ្យទាន និងបច្ច័យឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុតំណាងឯកឧត្តម ម៉ាង ស៊ីណេត ប្រធានណៈកម្មាធិការសាខា សូមថ្លែងអំណគុណដល់ព្រះគ្រូឆន្ទវិសុទ្ធិ មាស សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះបាឡាត់គណខេត្តព្រះសីហនុ ជាព្រះចៅអធិការវត្តអូរត្រេះ ក៏ដូចជាព្រះសង្ឃក្នុងវត្តអូរត្រេះ ដែលបានឧបត្ថម្ភជាគ្រឿងបភោគបរិភោគ ទ័យទាន ជូនសាខាកាកបាទក្រហមខេត្ត ដើម្បីឱ្យសាខាមានធន ធានគ្រប់គ្រាន់ក្នុងការងារមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង។

ហើយចំពោះកាយវិការប្រកប ដោយព្រះទ័យ មេត្តា ករុណា និងសប្បុរសធម៌នេះពិតជាបានបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពការងារមនុស្សធម៌យ៉ាងល្អ ប្រសើររវាងពុទ្ធចក្រ និង អាណាចក្រ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ បានទាន់ពេលវេលា ដោយមិនទុកប្រជាពលរដ្ឋយើងណាម្នាក់ ចោលនោះឡើយ។

សម្ភារៈដែលព្រះចៅអធិការវត្តអូរត្រេះឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុនោះរួមមាន៖
អង្ករ ១តោន សម្ភារៈផ្ទះបាយ ៧ឈុត ត្រីខ ១កេសធំ ប្រេងឆា ១០លីត្រ មី ២០កេស ទឹកសុទ្ធ ៧០យួរ ទឹកផ្លែឈើ ១៥កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យចំនួន៣លានរៀល ៕
ដោយ ងូ សុមុនី





