យុវតីកម្ពុជាពីររូបកំពុងក្រេបយកបទពិសោធន៍ពីបច្ចេកវិទ្យាផលិតអគ្គិសនីទំនើបនៅចិនមកអភិវឌ្ឈន៍នៅកម្ពុជា
AKP យូណាន, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦--ចាប់ពីបច្ចេកវិទ្យាផលិតអគ្គិសនីទំនើប ប្រព័ន្ធគ្រប់គ្រងឌីជីថល និងបទពិសោធន៍ក្នុងការអភិវឌ្ឍគម្រោងថាមពលចម្រុះ គឺជាជំនាញដែលយុវតីកម្ពុជាពីររូបបានកំពុងតែស្ថិតនៅក្នុងដំណើរក្រេបជញ្ជក់ចំណេះដឹងនិងបំណិនការងារពីចិនដើម្បីយកមកបន្តអភិវឌ្ឈន៍នៅក្នុងប្រទេសកម្ពុជា ។
យុវតីទាំងពីររូប គឺ កញ្ញា តេង ឆេងអាន និង កញ្ញា ឡាយ ច័ន្ទម៉ូល្លីនី ដែលជាបុគ្គលិករបស់ក្រុមហ៊ុន China Datang ប្រចាំនៅកម្ពុជា ។ យុវតីទាំងពីរ ត្រូវបានគេដឹងថា បានកំពុងចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសចិន ដើម្បីស្វែងយល់ពីការងារបច្ចេកទេសនិងបទពិសោធន៍ជាក់ស្តែងនៅក្នុងប្រទេសចិន ដើម្បីក្រេបជញ្ជក់យក បច្ចេកវិទ្យាជាក់ស្តែង និងតួនាទីនៃនវានុវត្តន៍ក្នុងការបង្កើនប្រសិទ្ធភាព និងលើកកម្ពស់ការអភិវឌ្ឍវិស័យថាមពលប្រកបដោយចីរភាពនៅក្នុងប្រទេស។

កញ្ញា តេង ឆេងអាន បានលើកឡើងថា ការចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យកញ្ញានូវទស្សនវិស័យថ្មី និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់ការងារនៅពេលអនាគតរបស់កញ្ញានៅក្នុងប្រទេសកម្ពុជា ។
កញ្ញាបានបញ្ជាក់ថា “ខ្ញុំមានមោទនភាពដែលបានស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗពីប្រព័ន្ធអគ្គីសនីនៅចិន ហើយជឿជាក់ថា ចំណេះដឹងដែលទទួលបាននឹងជួយពង្រឹងសមត្ថភាពរបស់ខ្ញុំ និងអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជានាពេលអនាគត”។

ចំណែកកញ្ញា ឡាយ ច័ន្ទម៉ូល្លីនី វិញបានបន្ថែមថា ការស្វែងយល់ពីគម្រោងថាមពលស្អាតទាំងនេះដោយផ្ទាល់ បានធ្វើឱ្យកញ្ញាយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃបច្ចេកវិទ្យា និងការច្នៃប្រឌិតក្នុងការអភិវឌ្ឍវិស័យថាមពល។
កញ្ញាបានថ្លែងបញ្ជាក់ថា “ ខ្ញុំសង្ឃឹមថា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជា និងចិន នៅអំឡុងពេលនេះនឹងបន្តបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍថាមពលនៅកម្ពុជាប្រកបដោយចីរភាព”។
តាមការរៀបរាប់របស់យុវតីទាំងពីរ ដំណើរទស្សនកិច្ចសិក្សារយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី៧ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះបានបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពបច្ចេកទេសក្នុងវិស័យថាមពល។

ពួកគេបានរៀបរាប់ថា តាមរយៈការសិក្សាពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែងនៅប្រទេសចិន បុគ្គលិកកម្ពុជាអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់យកទៅអនុវត្តក្នុងការងារ និងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេស។
ជាមួយគ្នានេះ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ក៏អាចរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនាពេលអនាគតបន្ថែមទៀត។
ពួកគេបានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ការចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប គឺជាកត្តាសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរទៅរកប្រព័ន្ធថាមពលដែលមានប្រសិទ្ធភាព និងចីរភាព។ ក្នុងន័យនេះ បទពិសោធន៍ដែលពួកគេទាំងពីរទទួលបានពីដំណើរទស្សនកិច្ចនេះ អាចក្លាយជាមូលដ្ឋានដ៏មានតម្លៃសម្រាប់ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជានាពេលអនាគត។
មកដល់ពេលនេះ កម្ពុជា និងចិន មានទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅ ក្នុងវិស័យថាមពលអគ្គិសនី ដោយប្រទេសចិនគឺជា ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគធំជាងគេ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផលិត និងបញ្ជូនចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។

គិតចាប់តាំងពីឆ្នាំ ២០១០ មកដល់ពេលនេះ គម្រោងរោងចក្រផលិតថាមពលអគ្គិសនីជាបន្តបន្ទាប់ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា បានជួយបង្កើនអត្រានៃការទទួលបានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេសពីប្រហែល ៥០ ភាគរយ ទៅជិត ៩៦ ភាគរយ និងបានបង្កើនចំណែកនៃថាមពលស្អាតដល់ជាង ៦៣ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងចំណោមប្រទេសសមាជិកអាស៊ាន ។
ដោយ ស៊ីម មង្គល





