សមាជអន្តរជាតិ ICID លើកទី២៦ និងកម្មវិធី COSTEA
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងសមាជអន្តរជាតិលើកទី២៦នៃគណៈកម្មការអន្តរជាតិស្តីពីប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹក (ICID 26th International Congress) និងកម្មវិធីរបស់បណ្តាញ COSTEA (Comité Scientifique et Technique Eau Agricole - គណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកទេសស្តីពីទឹកសម្រាប់កសិកម្ម) ដែលរៀបចំឡើងនៅទីក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍អន្តរជាតិនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៧ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹក និងភាពធន់នៃកសិកម្មចំពោះបញ្ហាប្រឈមអាកាសធាតុ» ដើម្បីផ្តល់វេទិកាជូនអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ក្នុងការផ្លាស់ប្តូរចំណេះដឹង និងស្វែងរកដំណោះស្រាយនវានុវត្តន៍សម្រាប់ការគ្រប់គ្រងទឹកកសិកម្ម ពង្រឹងសន្តិសុខស្បៀង និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះបណ្តាញ COSTEA បានរៀបចំវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ចំនួន៧ ប្រធានបទ រួមមាន៖ ១. ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងធនធានទឹក ២. ការស្តុកទឹក និងអភិរក្សប្រភពទឹក ៣. សន្តិសុខ និងស្បៀងអាហារ ៤. ការកែលម្អប្រព័ន្ធធារាសាស្ត្រតាមគោលការណ៍កសិកម្មអេកូឡូស៊ី ៥. ការវាយតម្លៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យទឹក ៦. ការប្រើប្រាស់ទឹកកខ្វក់ដែលបានប្រព្រឹត្តកម្ម (ចម្រោះ) ឡើងវិញ និង៧. ការប្រើប្រាស់បច្ចេកវិទ្យាសង្កេតពីចម្ងាយ (Remote Sensing Technology)។

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ បានឱ្យដឹងថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាឱកាសមួយក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដកស្រង់នូវវិធីសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ដើម្បីយកមកកែសម្រួលឱ្យសមស្របទៅនឹងបរិបទជាក់ស្តែងរបស់កម្ពុជា។ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក ការពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង និងមានចីរភាព៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





