កម្លាំងអាវុធហត្ថក្រុងព្រះសីហនុចេញល្បាតចល័ត និងដើរល្បាតតាមតំបន់ឆ្នេរ ក្នុងក្រុងព្រះសីហនុ ការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
AKP ព្រះសីហនុ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦-- លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឪ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឈរជើង ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណ: ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។


លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានបន្តថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាឪ្យអាវុអហត្ថក្រុង ចុះល្បាតនៅតាមចំនុចគោលដៅ ជាពិសេសការ ដើរល្បាតនៅតាមទីតាំងកម្សាន្តនៅតាមតំបន់ឆ្នេរ ក្នុងក្រុងព្រះសីហនុ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ព្រោះសន្តិសុខ សុវត្ថិភាព គឺជារឿងមួយសំខាន់ដែលមិនអាចខ្វះបាន រួមផ្សំនឹងកត្តាជាច្រើនផ្សេងទៀតមានដូចជា ការស្វាគមន៍ ម្ហូបអាហារ ការស្នាក់នៅសមរម្យការដាក់លក់វត្ថុអនុស្សាវរីយ៍ និងកន្លែងកម្សាន្តប្រកបដោយផាសុកភាព គឺជាចំណុចក្នុងការទាក់ទាញសម្រាប់ស្រូបទាញភ្ញៀវទេសចរ ជាពិសេសថែមទៀតនោះ ដើម្បីបង្កើតប្រភពចំណូលជួយប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើងបន្ថែមទៀត៕
ដោយ ងូ សុមុនី





