ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ឆ្នាំ២០២៦ នៅស្រុកបាទី និងស្រុកសំរោង
AKP តាកែវ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងប្រតិភូ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីគ.ជ.ប.ខេត្តតាកែវ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ2026 នៅការិយាល័យចុះឈ្មោះបោះឆ្នោត ឃុំគ្រាំងធ្នង់ ឃុំកណ្ដឹងស្រុកបាទី និងឃុំរវៀងស្រុកសំរោង។ពិធីនេះរៀបចំឡើងនៅសាលាឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការតាមតួនាទីផ្សព្វផ្សាយ ជម្រុញ និងលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ដែលខ្លួនរស់នៅ នៅទូទាំងប្រទេស។ហើយចំពោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ សូមទៅកែតម្រូវទិន្នន័យជីវប្រវត្តិរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ក្នុងករណីពិនិត្យឃើញថា ការកត់ត្រាមិនបានត្រឹមត្រូវ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តថា ការអនុវត្តន៍តាមបែបលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលជាម្ចាស់ នៃជោគវាសនារបស់ប្រទេសនីមួយៗ បានសម្តែងនូវឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាដំណាក់កាលដំបូងគេនិងសំខាន់បំផុត ក្នុងចំណោមដំណាក់ទាំង៤ នៃដំណើរការបោះឆ្នោតនៅកម្ពុជា។ក្នុងដំណាក់កាលទី១ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីឈ្មោះបោះឆ្នោត។ទី២ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ទី៣ដំណាក់កាលឃោសនាបោះឆ្នោត និងទី៤ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានផ្ដាំផ្ញើដល់មន្ត្រីគ.ជ.បទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណាធានាបាននូវបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ភាពពេញលេញ និងមានបច្ចុប្បន្នភាព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។
ជាមួយគ្នានោះដែរ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានលើកឡើងដែរថា ការបោះឆ្នោតនៅកម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបន្ថែមទៀត ជម្រុញប្រពលរដ្ឋនៅក្នុងមូលដ្ឋាន មកពិនិត្យបញ្ជីឈ្មោះ និងពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោត ជាពិសេសយុវជនដែលទើបមានអាយុ18ឆ្នាំ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល៥៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។តាមការប៉ាន់ស្មានរបស់គ.ជ.ប នៅក្នុងឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោត សរុបចំនួនជាង៤សែននាក់ ក្នុងនោះយុវជនដែលទើបគ្រប់អាយុ១៨ឆ្នាំ មានចំនួនជិត២០ម៉ឺននាក់៕
ដោយ អ៊ុច សៀង





