សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវក្នុងក្រុងបាត់ដំបងចំនួន ២១ខ្សែ នឹងចាប់ផ្តើមជួសជុលឡើងវិញ ខណៈផ្លូវ ៧ខ្សែទៀតប្រវែង ១១គីឡូម៉ែត្រ រាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាធ្វើបន្ថែម
AKP បាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ផ្លូវសំខាន់ៗនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងត្រូវចាប់ផ្តើមស្តារ និងជួសជុលឡើងវិញ ដោយរៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូស្របគ្នាតែម្តង។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងខេត្តបាត់ដំបង។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងសរុបចំនួន ២៨ខ្សែ នឹងត្រូវទទួលការជួសជុល និងរៀបចំឡើងវិញ។ ក្នុងនោះ ផ្លូវចំនួន ២១ខ្សែ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ហើយផ្លូវចំនួន ៧ខ្សែផ្សេងទៀត ដែលមានប្រវែងសរុប ១១គីឡូម៉ែត្រ រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីសាងសង់ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា៖ «ឥឡូវនេះដល់ដំណាក់កាលធ្វើផ្លូវ នៅខេត្តបាត់ដំបង ខ្ញុំ បានសួរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែដេញថ្លៃចុងក្រោយ អាចចាប់ផ្ដើម ក្នុងខែវិច្ឆិកា នេះ ទៅ គឺជួសជុលឡើងវិញ នូវផ្លូវសំខាន់ៗ នៅក្នុងក្រុងបាត់ដំបង»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ ខេត្តបាត់ដំបងបានសម្រេចនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធចំនួន ២ជំហានរួចមកហើយ រួមមាន ការរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់ កន្លែងចាក់សំរាមស្តង់ដារ និងប្រព័ន្ធទឹកស្អាត ជាដើម៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





