នាយកដ្ឋានសង្គ្រោះជនពិការមីនដោយសារបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីគាំទ្រជីវភាពជនមានពិការភាពដោយសារមីន
AKP ឧត្តរមានជ័យ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--លោក នី ញ៉ អនុប្រធាននាយកដ្ឋានសង្គ្រោះជនពិការមីន ដោយសារ នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦បានដឹកនាំកិច្ចផ្សព្វផ្សាយអំពីកម្មវិធីគាំទ្រជីវភាពរស់នៅដល់ជនមានពិការភាពដោយសារមីន និងជនមានពិការភាពដោយសារកត្តាផ្សេងៗ។កិច្ចប្រជុំផ្សព្វផ្សាយនេះប្រារព្ធឡើងនៅសាលប្រជុំរដ្ឋបាលក្រុងសំរោង ដោយមានការចូលរួមពី លោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង ព្រមទាំងអ្នកពាក់ព័ន្ធេជាច្រើនរូបទៀត។

លោក នី ញ៉ បានថ្លែងថា ប្រតិភូនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានធ្វើសកម្មភាពផ្សព្វផ្សាយផ្តោតលើការគាំទ្រជីវភាព និងលើកកម្ពស់សុខុមាលភាពរបស់ជនមានពិការភាព នៅតាមតំបន់គោលដៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ដោយឡែក សម្រាប់ខេត្តឧត្តរមានជ័យ ក្រុងសំរោង ត្រូវបានជ្រើសរើសជាតំបន់គោលដៅ ដើម្បីផ្តល់ការគាំទ្រដល់ជនមានពិការភាព និងគ្រួសារដែលរងផលប៉ះពាល់ពីសង្គ្រាម និងសំណល់ជាតិផ្ទុះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសមាហរណកម្មជនមានពិការភាពក្នុងសហគមន៍។

លោក ប៊ុត វ៉ាន់ដេត បានឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន មន្ត្រីពាក់ព័ន្ធធ្វើការសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនឲ្យបានល្អ ដើម្បីគាំទ្រជីវភាពរស់នៅដល់ជនមានពិការភាពដោយសារមីន និងជនមានពិការភាពដោយសារកត្តាផ្សេងៗឲ្យមានប្រសិទ្ធិភាពនៅមូលដ្ឋាន ៕

ដោយ ទិត ស្រ៊





