សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពួកបោកប្រាស់ក្រៅស្រុកថា បើចេះត្រូវចេះឱ្យគេកោតតែបើឆោតគឺត្រូវឆោតឱ្យគេអាណិត
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពួកបោកប្រាស់ក្រៅស្រុកថា បើចេះត្រូវចេះឱ្យគេកោត តែបើឆោតគឺត្រូវឆោតឱ្យគេអាណិត។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួក បំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើង យើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។ សម្ដេចតេជោបន្តថា តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឱ្យតែរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី ពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម 2.5 ពាន់លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែ ជាង៥ពាន់លានដុល្លារ ដែលជាមធ្យម ៥០០ទៅ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឱ្យទាបជាង២៥០០លានដុល្លារ។ សូមពួកនៅក្រៅស្រុក ប្រញាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរី មកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុក ដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។»
សម្ដេចតេជោបញ្ជាក់បន្ថែមថា ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹក សម្រាប់ជួយគណបក្សនៅពេលក្រោយ។ ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឱ្យគេកោតតែបើឆោតគឺត្រូវឆោតឱ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ៕
ដោយ៖ ជឹម ណារី





