កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងថមថយមកនៅត្រឹម ៣.៥ ភាគរយ ក្នុងឆ្នាំ ២០២៦
AKPភ្នំពេញថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៦– កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងថមថយមកនៅត្រឹម ៣.៥ ភាគរយ ក្នុងឆ្នាំ ២០២៦ ដែលភាគច្រើនបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន។
ស្ថានភាពនេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប ដែលទាំងអស់នេះបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ។ ក្នុងរយៈពេលមធ្យម កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងងើបឡើងវិញដល់ ៤.០ ភាគរយ ក្នុងឆ្នាំ ២០២៧ និង ៥.០ ភាគរយ ក្នុងឆ្នាំ ២០២៨ ក្នុងសេណារីយោដែលមានស្ថិរភាពនៃតម្លៃថាមពល, ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានជោគជ័យរបស់ពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ។
ទោះជាយ៉ាងណា បាតុភូត El Niño ត្រូវបានរំពឹងថានឹងបន្ថយល្បឿននៃការស្តារឡើងវិញរបស់វិស័យកសិកម្មក្នុងឆ្នាំ ២០២៧។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។
យោងតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាស ដែលបានចេញផ្សាយនៅថ្ងៃនេះ បានបង្ហាញថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងមានកំណើន សេដ្ឋកិច្ចក្នុងអត្រា ៤,៥% នៅឆ្នាំ ២០២៦ ដែលបង្ហាញពីភាពធន់នៅចំពោះមុខបញ្ហាប្រឈមជាច្រើនដែលកំពុង កើតមាននៅលើពិភពលោក។
នៅទូទាំងតំបន់ សេដ្ឋកិច្ចនៃប្រទេសមួយចំនួនបានលូតលាស់លឿនជាងការរំពឹងទុកក្នុងឆ្នាំ ២០២៦ ដោយមាន កម្លាំងជំរុញពីការផលិត និងការនាំចេញទំនិញបច្ចេកវិទ្យាខ្ពស់ ដែលបានទ្រទ្រង់ដល់ការកើនឡើងយ៉ាងខ្លាំងនៃ សកម្មភាពទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទូទាំងពិភពលោក។ ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកែសម្រួលឡើងវិញ ដោយដំឡើង ១,១ ពិន្ទុភាគរយ ធ្វើឱ្យប្រទេសវៀតណាមនឹងមានកំណើន ៧,៤%, ០,៧ ពិន្ទុភាគរយ ធ្វើឱ្យប្រទេសម៉ាឡេស៊ីនឹងមានកំណើន ៥,១%, និង ០,៧ ពិន្ទុភាគរយ ធ្វើឱ្យប្រទេសថៃ មានកំណើន ២,០%។ បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក - ដែលងាយរងគ្រោះខ្លាំងដោយសារតម្លៃថាមពលខ្ពស់ និង មានលទ្ធភាពមានកម្រិតក្នុងការទប់ទល់នឹងផលប៉ះពាល់ពីកត្តាខាងក្រៅនោះ - កំពុងមានកំណើនក្នុងអត្រា ២,២% ដែលយឺតជាងការរំពឹងទុកពីមុនក្នុងកម្រិត ០,៥ ពិន្ទុភាគរយ។ ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ កំពុង មានកំណើនក្នុងអត្រា ៤,៤% ខណៈដែលតម្រូវការក្នុងស្រុកនៅតែស្ទុះងើបមិនរួច ដោយសារទីផ្សារការងារមិនសូវរឹង មាំ និងការបន្តកែសម្រួលនៅក្នុងវិស័យអចលនទ្រព្យ។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មាន ប្រសាសន៍ថា៖ «សមាហរណកម្មស៊ីជម្រៅរបស់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទៅក្នុងខ្សែច្រវាក់តម្លៃសកល រួមជា មួយភាពស្វាហាប់ផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាពអំណោយផលក្នុងការទទួលផលប្រយោជន៍ពី ការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទូទាំងពិភពលោក»។ លោកបន្ថែម ទៀតថា៖ «បញ្ហាប្រឈមនៅពេលនេះ គឺការប្រែក្លាយភាពខ្លាំងរបស់តំបន់ក្នុងការផលិតទំនិញដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ទៅជាការប្រើប្រាស់វាឱ្យបានទូលំទូលាយ ដែលនឹងជួយជំរុញផលិតភាព និងបង្កើតការងារកាន់តែច្រើន ព្រមទាំងការងារប្រកបដោយគុណភាពល្អសម្រាប់ប្រជាជនរាប់លាននាក់។ ប្រសិនបើបណ្តាប្រទេសចាត់វិធានការ ប្រកបដោយភាពក្លាហាននៅពេលនេះ បញ្ញាសិប្បនិម្មិត អាចក្លាយជាចលករដ៏សំខាន់មួយក្នុងការបង្កើតឱកាស, ការ បង្កើនប្រាក់ចំណូល និងការកសាងអនាគតដ៏រុងរឿងសម្រាប់មនុស្សគ្រប់គ្នា»។
នៅក្នុងការវិភាគពិសេសមួយស្តីពីបញ្ញាសិប្បនិម្មិត នៅក្នុងតំបន់ របាយការណ៍បានរកឃើញថា ប្រទេសមួយចំនួន កំពុងទទួលប្រយោជន៍ពីការផ្គត់ផ្គង់ទំនិញដែលជាមូលដ្ឋានសម្រាប់ការកើនឡើងនៃការវិនិយោគលើបញ្ញាសិប្បនិម្មិត នៅទូទាំងពិភពលោក ប៉ុន្តែការរីកសាយភាយនៃបច្ចេកវិទ្យានេះនៅក្នុងវិស័យសេដ្ឋកិច្ចទាំងមូល នៅតែមិនទាន់ស្មើគ្នា នៅឡើយទេ។ ការចាប់យកបញ្ញាសិប្បនិម្មិតក្នុងចំណោមបុគ្គល និងក្រុមហ៊ុននានា កំពុងកើនឡើង ប៉ុន្តែក្នុងកម្រិត ទាបជាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដោយសារអាជីវកម្មត្រូវប្រឈមមុខនឹងបញ្ហាដូចជា ការចំណាយ ខ្ពស់ កង្វះជំនាញ និងកង្វល់ជុំវិញសុវត្ថិភាព និងភាពឯកជន។ សម្រាប់ប្រទេសភាគច្រើន ផលចំណេញធំបំផុតក្នុងរ យៈពេលខ្លីខាងមុខនឹងកើតចេញពីអ្វីដែលហៅថា "Small AI" (បញ្ញាសិប្បនិម្មិតខ្នាតតូច) ពោលគឺការទទួលយក និងការបន្សំខ្លួនបច្ចេកវិទ្យាដែលមានស្រាប់ ជាពិសេសឧបករណ៍ បញ្ញាសិប្បនិម្មិត ដែលងាយស្រួលប្រើប្រាស់។
លោក Sarvesh Suri អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មាន ប្រសាសន៍ថា៖ «វិស័យឯកជនអាចដើរតួនាទីស្នូលនៅក្នុងការប្រែក្លាយសក្តានុពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទៅ ជាការងារកាន់តែច្រើន និងកាន់តែប្រសើរឡើង នៅទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក»។ លោកមានប្រសាសន៍ ទៀតថា៖ «តាមរយៈការកៀរគរទុនវិនិយោគពីវិស័យឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពល, ការ ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងការវិនិយោគលើការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ប្រទេស នានាអាចពន្លឿនការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ព្រមទាំងជួយឱ្យក្រុមហ៊ុនខ្នាតតូច មានភាពប្រកួតប្រជែង ស្វាហាប់ និងមានភាពធន់កាន់តែខ្លាំងឡើង»។
បញ្ញាសិប្បនិម្មិត នៅមិនទាន់ជះឥទ្ធិពលខ្លាំងលើការងារដែលដើរដោយប្រព័ន្ធស្វ័យប្រវត្តិនៅឡើយទេ ប៉ុន្តែវាបាននិង កំពុងកែប្រែទម្រង់នៃតម្រូវការជំនាញរួចទៅហើយ។ ក្រុមហ៊ុននានាកំពុងស្វែងរកអ្នកមានជំនាញផ្នែកបញ្ញាសិប្បនិម្មិត កាន់តែច្រើនឡើង រួមជាមួយសមត្ថភាពវិភាគ និងជំនាញទំនាក់ទំនងសង្គម។ បញ្ញាសិប្បនិម្មិត មានប្រសិទ្ធភាពបំផុត ក្នុងការជួយការងារដែលទាមទារការគិត និងការសម្រេចចិត្តបែបស្មុគស្មាញ ប៉ុន្តែមានតែ ១៣% ប៉ុណ្ណោះនៃការងារ នៅក្នុងតំបន់នេះ ដែលស្ថិតក្នុងប្រភេទនេះ បើធៀបនឹង ៣៩% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន៕





ដោយ៖ ចរិយា ប្រភព៖ World Bank





