ប្រធានមន្ទីរពេទ្យភ្នែកតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមកពិនិត្យភ្នែក ឱ្យបានយ៉ាងហោចម្ដងក្នុងមួយឆ្នាំ
AKP តាកែវ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦---
មន្ទីរពេទ្យភ្នែកតាកែវរៀបចំប្រារព្ធទិវាសុខភាពភ្នែកពិភពលោកឆ្នាំ2026 ក្រោមប្រធានបទ " ស្រលាញ់ភ្នែករបស់អ្នក និង វ៉ែនតាមើលជិត ធ្វើឱ្យជីវិតកាន់តែប្រសើរ" ។ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណមន្ទីរពេទ្យភ្នែកខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ១០រោចខែភទ្របទឆ្នាំមមីអដ្ឋស័កព.ស១០២៥៧០ ត្រូវនឹងថ្ងៃទី៦ខែតុលាឆ្នាំ២០២៦។
អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យប្រធានមន្ទីរពេទ្យភ្នែកតាកែវ ព្រមទាំងលោកវេជ្ជមណ្ឌិតអនុប្រធានមន្ទីរពេទ្យភ្នែកតាកែវ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមន្ទីរពេទ្យភ្នែកតាកែវ និងប្រជាពលរដ្ឋ ចូលរួមជាច្រើនរូបផងដែរ។ លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធាន មន្ទីរពេទ្យភ្នែកតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមកពិនិត្យភ្នែកយ៉ាង ហោចណាស់ ឱ្យបានម្ដងក្នុងមួយឆ្នាំ។ដើម្បីការពារភ្នែកកុំឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ ដែលឈានដល់ការងងឹតភ្នែកមិនអាចព្យាបាលបាន។


លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ក៏បានថ្លែងឱ្យដឹងដែរថា ទិវាសុខភាពភ្នែកពិភពលោក ដែលបានប្រារពឡើងនៅពេលនេះ គឺដើម្បីផ្សព្វផ្សាយចំណេះដឹងពីជំងឺភ្នែកមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ។ព្រោះជំងឺភ្នែក វានឹងធ្វើឱ្យយើងបាត់បង់គំហើញ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាជំងឺងងឹតភ្នែក។ លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យភ្នែកតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានអាយុ40ឆ្នាំឡើងទៅ ត្រូវមកពិនិត្យភ្នែកយ៉ាងហោចណាស់ឱ្យបានម្ដងក្នុងមួយឆ្នាំ។បើទោះបីជាភ្នែកបងប្អូនមិនមានបញ្ហាក៏ដោយក៏ត្រូវមកពិនឹត្យ ដើម្បីជៀសវាងកើតជំងឺភ្នែកធ្ងន់ធ្ងរ ហួសពេលនឹងព្យាបាលអោយជាសះស្បើយ។


លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានបញ្ជាក់ថា សម្រាប់ទិវាសុខភាពភ្នែកពិភពលោកឆ្នាំ2026នេះ ប្រារព្ធឡើងក្រោមប្រធានបទ "ស្រលាញ់ភ្នែករបស់អ្នក និង វ៉ែនតាមើលជិត ធ្វើឱ្យជីវិតកាន់តែប្រសើរ។មន្ទីរពេទ្យភ្នែកតាកែវ នឹងផ្តល់សេវាកម្មដោយឥត គិតថ្លៃរយៈពេល02ថ្ងៃ។ដោយចាប់ពីថ្ងៃទី06ដល់ថ្ងៃទី07 ខែតុលាឆ្នាំ 2026នេះ លើការពិនិត្យពិគ្រោះ ព្យាបាលជំងឺភ្នែក ចំនួន600នាក់ និងវះកាត់ចំនួន100ករណី ព្រមទាំងមានការចែកវ៉ែនតាផងដែរ៕

ដោយ៖ អ៊ុច សៀង





