គិតត្រឹមខែកញ្ញាក្រសួងបរិស្ថានចែកធុងសំរាមសរុបចំនួន ៤៥ ១២០ធុង និងបន្តផ្តល់ជូនជំហានទី២
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ក្រសួងបរិស្ថានចែកធុងសំរាមសរុបចំនួន ៤៥ ១២០ធុង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ និងបន្តផ្តល់ជូនជំហានទី២ ដល់សាលារៀន នៅតាមរាជធានីខេត្តចំនួន១៤ រួមជាមួយក្រសួងស្ថាប័នមួយចំនួនទៀត ដែលជាចលនាលើកកម្ពស់ភាពស្អាតនៅកម្ពុជា។
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៤៥ ១២០ធុង ដល់សាលា រៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។

ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាកា រផ្តល់ជូនធុងសំរាមដើម្បីជួយស្ថាប័នទាំងនេះបង្កើតប្រព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សម្រាប់បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមកាន់តែប្រសើរ។
ក្នុងជំហានទី២ ក្នុងការអនុវត្តយុទញធសាស្រ្តអាទិភាព«តភាពស្អាត» ក្រសួង បរិស្ថានមានគម្រោងចែកចាយធុងសំ រាមចំនួន ១៧,១៧៥ ទៀតទៅកាន់សាលារៀនចំនួន ៥,៧២៥ នៅក្នុងរាជធានី-ខេត្តចំនួន ១៤ រួមជាមួយផែបការផ្តល់ជូនក្រសួង ស្ថាប័ននានា ក្នុងគោលបំណងជំរុញចលនាលើកកម្ពស់ភាពស្អាតនៅកម្ពុជា។

កន្លងមកនេះ សាលារៀននីមួយៗ បានទទួល ធុងសំរាមចំនួន ៣ ដែលផ្តល់ឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់ការប្រមូល និងការបែងចែកសំរាមនៅក្នុងគ្រឹះស្ថានអប់រំ នៅទូទាំងប្រទេស។ នៅពេលដែលធុងសំរាមដែលត្រូវបានផ្តល់ជូនសាលារៀនរួចរាល់ គម្រោងផ្តល់ធុងសំរាម នឹងកើនឡើងដល់ ចំនួន ៦២,២៩៥ធុង សរុបទូទាំងប្រទេស។ ក្នុងពេលជាមួយគ្នានេះធុងសំរាមចំនួន ២០,៧៤១ធុង (ធុងចំណុះ ២៤០ លីត្រ មានចំនួន ១៩,១៦៧ និងធុងចំណុះ ១២០ លីត្រ ចំនួន ១,៥៧៤ ធុង) បានមកដល់ឃ្លាំងរបស់ក្រសួងបរិស្ថានរួចហើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការលើកទឹកចិត្ត និងជំរុញ «ភាពស្អាត» ដល់មូលដ្ឋានការបែងចែកធុងសំរាមនេះ គឺដើម្បីរួមគ្នាជំរុញការសម្អាត និងគ្រប់គ្រងសំណល់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាឱ្យសហគមន៍មានបរិស្ថានល្អ និងសោភ័ណភាពស្រស់បំព្រង។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ធុងសំរាមទាំងនេះជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រដល់សកម្មភាពប្រមូល ទុកដាក់ និងជំរុញការញែកសំណល់ ប្រកបដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធនាការឆ្ពោះទៅកម្ពុជាស្អាត ដែលក្នុងពេលនេះ ការប្រែប្រួលឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ជារឿងសំខាន់ និងមានការចូលរួមទាំងអស់គ្នា។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ គឺជាផ្នែកមួយនៃការអនុវត្តសេដ្ឋកិច្ចចក្រា។ វាគឺជាការផ្លាស់ប្តូររបៀបរស់នៅ ផលិត និងប្រើប្រាស់ដោយផ្អែកលើប្រសិទ្ធភាព និងការទទួលខុសត្រូវចំពោះបរិស្ថាន។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន និងអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរ និងសហគមន៍ រួមគ្នាប្រែក្លាយសកម្មភាពជាក់ស្តែង ទៅជាចលនាដោយបន្តចូលរួមយ៉ាងផុសផុលដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា នៅពេលអនាគត៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងបរិស្ថាន





