បរិយាបន្នមិនបញ្ចប់ត្រឹមមួយសប្តាហ៍៖ កម្មវិធីពន្លកចំណេះនៃសប្តាហ៍ការលើកកម្ពស់បរិយាបន្នពិការភាព អំពាវនាវឱ្យបន្តជំរុញសិទ្ធិ និងបរិយាបន្នជនមានពិការភាពជារៀងរាល់ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ -- កម្មវិធីពន្លកចំណេះ នៃសប្តាហ៍ការលើកកម្ពស់បរិយាបន្នពិការភាពឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងបានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូប ដោយបានអំពាវនាវឱ្យបន្តជំរុញសិទ្ធិ និងបរិយាបន្នជនមានពិការភាពជាបន្តជារៀងរាល់ថ្ងៃ មិនមែនត្រឹមតែមួយសប្តាហ៍នៃទិវានេះទេ។ នេះបើយោងតាមការលើកឡើងរបស់លោក ម៉ែន ពិចិត្រនាយកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់នៃកម្មវិធីពន្លកចំណេះ ក្នុងពិធីបិទការសម្តែងល្ខោនគំនិតនៃសប្តាហ៍ការលើកកម្ពស់បរិយាបន្នពិការភាពឆ្នាំ២០២៦។

នៅក្នុងឱកាសបិទកម្មវិធីនោះ លោក ម៉ែន ពិចិត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិល្បករ-សិល្បការិនី ដែលបានចែករំលែកនូវទេពកោសល្យ រឿងរ៉ាវ និងថាមពលដ៏មានន័យ ព្រមទាំងវាគ្មិនដែលបានចំណាយពេលវេលាចែករំលែកបទពិសោធន៍ និងទស្សនៈល្អៗ។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្មវិធី ក្រុមការងាររៀបចំ និងអ្នកនៅពីក្រោយឆាកទាំងអស់ដែលបានខិតខំប្រឹងប្រែងឱ្យព្រឹត្តិការណ៍នេះលេចចេញជាផ្លែផ្កាផងដែរ។

យោងតាមរូបលោក បានឱ្យដឹងថា ការប្រារព្ធទិវានេះដែរ គឺជាផ្នែកមួយនៃការបិទបញ្ចប់ «សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាពឆ្នាំ២០២៦» ដោយលោកបានគូសបញ្ជាក់ថា ថ្វីត្បិតតែសប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាពត្រូវបានបញ្ចប់នៅថ្ងៃនេះពិតមែន ប៉ុន្តែការប្តេជ្ញាចិត្ត កិច្ចសន្ទនា និងទំនាក់ទំនងដែលបានកសាងឡើង មិនត្រូវបញ្ចប់ត្រឹមសប្តាហ៍នេះឡើយ។
លោកបានបន្ថែមថា «ពិការភាព គឺជាផ្នែកមួយនៃភាពចម្រុះក្នុងសហគមន៍របស់យើង ហើយបរិយាបន្ន គឺជាអ្វីដែលយើងទាំងអស់គ្នាអាចរួមចំណែកបាន។ បរិយាបន្នមិនមែនជាអ្វីដែលយើងអបអរតែមួយសប្តាហ៍ រួចទុកចោលរហូតដល់ឆ្នាំក្រោយនោះទេ ប៉ុន្តែវាជាអ្វីដែលយើងត្រូវរួមគ្នាកសាង អនុវត្ត និងអបអរសាទរជារៀងរាល់ថ្ងៃ»។

ដើម្បីបន្តជំរុញការងារនេះ លោកបានលើកទឹកចិត្តឱ្យសាធារណជនបន្តទទួលស្តាប់សម្លេងពីជនមានពិការភាព រួមគ្នាកាត់បន្ថយឧបសគ្គផ្សេងៗ បង្កើតលំហ និងឱកាសដែលងាយស្រួលចូលទៅដល់ ព្រមទាំងបង្កើតបរិយាកាសដែលផ្តល់តម្លៃ និងបើកផ្លូវឱ្យអ្នកគ្រប់គ្នាមានឱកាសចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម៕
ដោយ៖ យា ចិន្តាខន្តី (រូបថត៖ ហុង ម៉េងឡុង)





