ក្តីសង្ឃឹម និងរឿងរ៉ាវជីវិតជនមានពិការភាព ឆ្លុះបញ្ចាំងតាមរយៈស្នាដៃសិល្បៈ ក្នុងសប្តាហ៍នៃបរិយាបន្នពិការភាព នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ — ភាពទន់ភ្លន់តែរឹងមាំ និងកម្លាំងចិត្តដ៏មហិមា ត្រូវបានស្តែងចេញយ៉ាងច្បាស់តាមរយៈផ្ទាំងគំនូរ ការសម្តែង និងស្នាដៃសិល្បៈជាច្រើនទម្រង់នៅក្នុងកម្មវិធី «សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព» ដែលរៀបចំឡើងដោយអង្គការមូលនិធិអាស៊ី (The Asia Foundation) នៅរាជធានីភ្នំពេញ។
កម្មវិធីនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ដែលគាំទ្រក្នុងការចែករំលែករឿងរ៉ាវជីវិត បទពិសោធន៍ និងបំណងប្រាថ្នារបស់ជនមាន

ពិការភាពទៅកាន់សាធារណជន។ ស្នាដៃនីមួយៗដែលបានដាក់បង្ហាញ មិនត្រឹមតែបង្ហាញពីទេពកោសល្យ និងការច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាររំលឹកពីភាពស្មើគ្នានៃតម្លៃជាមនុស្សផងដែរ។
ក្រុមសិល្បករដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានសម្តែងនូវក្តីរំភើប ដោយសិល្បៈបានផ្តល់ឱ្យពួកគេនូវ «សំឡេង» ដើម្បីនិយាយទៅកាន់សង្គមដោយគ្មានការភ័យខ្លាច ឬអៀនខ្មាស។ ពួកគេសង្ឃឹមថា ស្នាដៃទាំងនេះនឹងជួយឱ្យមហាជនផ្លាស់ប្តូរការយល់ឃើញ ដោយមើលឃើញពី «សមត្ថភាព» ជាជាង «ពិការភាព» របស់ពួកគេ។


កម្មវិធី «សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព» មិនត្រឹមតែជាពិព័រណ៍សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាចលនាដាស់តឿនស្មារតីសង្គមឱ្យបើកបេះដូងទទួលយក និងផ្តល់តម្លៃដល់គ្រប់បុគ្គលដោយមិនប្រកាន់កាយសម្បទា៕
ដោយ៖ យា ចិន្តាខន្តី (រូបថត៖ ហុង ម៉េងឡុង)





