គម្រោងគូសាណូណិ ប្រគល់ អគារជម្រកស្នាក់នៅដល់ស្ត្រីរងគ្រោះដោយអំពើជួញដូរមនុស្ស ស្រុកកណ្តាលស្ទឹង
AKP កណ្ដាល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងភាគីពាក់ព័ន្ធនានា នៅសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអគារជម្រកស្នាក់នៅសម្រាប់ស្ត្រីរងគ្រោះដោយអំពើជួញដូរមនុស្ស និងអគារស្នាក់នៅសម្រាប់បុគ្គលិក នៃមជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង ដែលសាងសង់ឡើងក្រោមគម្រោងគូសាណូណិ ។


ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា អគារដែលត្រូវបានប្រគល់-ទទួលរួមមានចំនួន ២ខ្នង ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើផ្ទៃដីជិត ១ហិកតា ។ មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការថែទាំ និងសេវាគាំពារដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយផ្តល់កន្លែងស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង មុនពេលជនរងគ្រោះធ្វើសមាហរណកម្មត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ។ជនរងគ្រោះដែលទទួលសេវានៅមជ្ឈមណ្ឌល នឹងទទួលបានការថែទាំ និងគាំពារយ៉ាងពេញលេញក្នុងរយៈពេលសមស្របទៅតាមតម្រូវការរបស់ពួកគេ ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏មានតួនាទីសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅកាន់សេវាពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ ដូចជា សេវាថែទាំផ្នែកវេជ្ជសាស្ត្រ ចិត្តសាស្ត្រ ឬសេវាច្បាប់សម្រាប់ទទួលបានសំណង ជាដើម ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





