ឯកឧត្ដម ប្រាជ្ញ ចន្ទ៖ គ.ជ.ប ខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាធានាបាននូវបញ្ជីបោះឆ្នោតមានភាពត្រឹមត្រូវ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប ខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាធានាបាននូវបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវភាពពេញលេញ និងមានបច្ចុប្បន្នភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។

ថ្លែងបាឋកថាក្នុងវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។ រីឯការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តន៍ផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំ ឡើង ១១ ៣៧៤ ៩៥៣ នាក់។ ចំនួនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ សរុប ១៩៤ ៨២៣ នាក់។ ចំនួនប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតសរុប ៣២៥ ២៩៤ នាក់។ ចំនួនប្រជាពលរដ្ឋផ្លាស់ចូលសរុប ៣៩ ៩៦០ នាក់។ ចំនួនប៉ាន់ស្មានប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោតសរុប ៤១២ ៣៤៥ នាក់។ ចំនួនអ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោតសរុប ៩៧ ៣៧៥នាក់។ ចំនួនអ្នកត្រូវមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ៤ ២៧៤ ៩៥៣នាក់។ ចំនួនការិយាល័យបោះឆ្នោតសរុប២៤ ៣៥៣ការិយាល័យ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនាឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្នុងស្ថានភាពដ៏លំបាកមួយ ដោយសារតែនៅតាមបណ្តាខេត្តមួយចំនួន ជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលរងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃកាលពីឆ្នាំ២០២៥ ហើយរហូតមកដល់បច្ចុប្បន្ននេះយោធាថៃ នៅកំពុងបន្តកាន់កាប់តំបន់មួយចំនួនក្នុងទឹកដីរបស់កម្ពុជា ដោយខុសច្បាប់។ ឯកឧត្ដមបន្ដថា គិតមកទល់ពេលបច្ចុប្បន្នជនភៀសសឹករបស់កម្ពុជា ចំនួន ២១ ២១១ នាក់ទៀតនៅមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅឡើយទេ ហើយផ្អែកតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តជាប់ព្រំដែនបានបង្ហាញថា ក្នុងចំណោមជនភៀសសឹកនេះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើង មានចំនួន ១៣ ២៧៩នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ១០ ៨៩៩ នាក់។ ឯកឧត្ដមប្រធាន គ.ជ.ប ក៏បានបន្ថែមថា ដូច្នេះ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តជាប់ព្រំដែន និងអាជ្ញាធរខេត្តជាប់ព្រំដែន សហការគា្នបង្កលក្ខណៈធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងនោះ បានចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅកន្លែងដែលគាត់កំពុងស្នាក់នៅឬក៏បានទៅបោះឆ្នោតតាមការិយាល័យដែលមានឈ្មោះស្រាប់តាមឆន្ទៈរបស់គាត់៕

ដោយ៖ ជឹម ណារី





