លោកជំទាវ យស ថានារី៖ គណបក្សប្រជាជនកម្ពុជាមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសាលាឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈទោះបីជាលោកមមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។

លោកជំទាវបានបន្តថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍឥតឈប់ឈរទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។

ជាក់ស្តែងដូចជាថ្ងៃនេះដោយទទួលបានដំណឹងពីប្រធានបក្សឃុំពីជីវភាពខ្វះខាតរបស់បងប្អូនលោកជំទាវនិងក្រុមការងារគណបក្សបានចុះមកផ្តល់ជូនដល់មូលដ្ឋានដោយមិនឱ្យបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។ នេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សដោយឈរលើគោល នយោបាយច្បាស់លាស់ដោយគណបក្សប្រកាន់ខ្ជាប់នូវ "គណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន" ហើយក៏មិនមានគណបក្សណាមកជំនួសគណបក្សប្រជាជនបានឡើយ។ ដូច្នេះដើម្បីលើកទឹកចិត្តនិងផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំគណបក្សបងប្អូនទាំងអស់គ្នាបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីយើងបានរួមសុខទុក្ខក្រោមដំបូលសន្តិភាពនឹងបានឃើញនូវការអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ។

ប្រជាពលរដ្ឋទទួលបានអំណោយមានចំនួន៦៧គ្រួសារមកពី៣ភូមិដោយ១គ្រួសារៗទទួលបានអង្ករ២៥គីឡូ ទឹកសុទ្ធ២យួរ ឃីដ១កញ្ចប់ (មី២០កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ឆៃប៉ូវ១គីឡូ ត្រីខ៥កំប៉ុង) សារុង១ និងថវិកា២ម៉ឺនរៀល៕

ដោយ ស៊ុម វណ្ណា





