រុស្ស៊ីអញ្ជើញមេដឹកនាំកូរ៉េខាងជើងមកបំពេញទស្សនកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមទីភ្នាក់ងារព័ត៌មានTASS កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីមួយរូបបាននិយាយថា ប្រទេសរុស្ស៊ីបានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong-un) ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសនេះជាផ្លូវការ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា កាលវិភាគសម្រាប់ដំណើរទស្សនកិច្ចនេះនឹងត្រូវសម្របសម្រួលតាមរយៈបណ្តាញការទូត។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានអញ្ជើញលោក គីម មកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី បន្ទាប់ពីបានជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះនៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤ ហើយក៏បានធ្វើសំណើដដែលនេះដែរ នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នាម្តងទៀតក្នុងពិធីព្យុហយាត្រាយោធានៅប្រទេសចិន កាលពីខែកញ្ញា ឆ្នាំមុន។
ការប៉ាន់ស្មានថា លោក គីម អាចនឹងមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូក្នុងឆ្នាំនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងអ្នកស្រី ចូ សុនហ៊ុយ (Choe Son-hui) បានធ្វើដំណើរទស្សនកិច្ចដោយមិនបានគ្រោងទុកជាមុនទៅកាន់ប្រទេសរុស្ស៊ី កាលពីខែកក្កដា តាមការអញ្ជើញរបស់ក្រសួងការបរទេសរុស្ស៊ី។
លោក គីម ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីចំនួន ២ដងរួចមកហើយ គឺនៅឆ្នាំ២០១៩ និងឆ្នាំ២០២៣ ប៉ុន្តែនៅក្នុងឱកាសទាំងពីរនោះ លោកបានជួបជាមួយលោក ពូទីន នៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី។ លោកមិនធ្លាប់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ឡើយ។
ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅគាំទ្រសង្គ្រាមរបស់ប្រទេសរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន មក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





