មន្ត្រីការទូតជាន់ខ្ពស់ប៉ាគីស្ថាន និងអ៊ីរ៉ង់ ពិភាក្សាអំពីស្ថានការណ៍បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាពេលថ្មីៗនេះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយ បន្ទាប់ពីកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានបានឱ្យដឹងថាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស លោក អ៊ីសាក់ ដារ (Ishaq Dar) និងសមភាគីអ៊ីរ៉ង់ គឺលោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
ជំនួបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ និងការស្តារកិច្ចពិភាក្សាផ្ទាល់ដែលបានជាប់គាំងជាយូរមកហើយ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់ទីក្រុងអ៊ីស្លាម៉ាបាដ។
ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈលើការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិ។
លោក ដារ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា ការទូត និងការចូលរួមសហការគ្នាជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍បានបញ្ចប់ដោយបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





