កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតួនាទី និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញក្នុងនាមជាដៃគូ ជាមួយគ្រប់បណ្តាប្រទេស និងស្ថាប័នទាំងអស់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងកើតមានឡើងនៅគ្រប់ទីកន្លែងលើពិភពលោក និងតំបន់ ហេតុដូចនេះ មានតែការរួមកម្លាំងគ្នា និងកិច្ចសហប្រតិបត្តិការពេញលេញ ទើបយើងអាចទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននេះបាន។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតួនាទី និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញក្នុងនាមជាដៃគូ ជាមួយគ្រប់បណ្តាប្រទេស និងស្ថាប័ន ទាំងអស់ដោយគោរពតាមគោលការណ៍គោរពគ្នាទៅវិញទៅមក គោរពច្បាប់ជាតិ និងអធិបតេយ្យ។ នេះគឺជាលើកឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា “រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ក្នុងនាមជាភាគីម្ចាស់ផ្ទះនៃសន្និសីទ កម្ពុជា សង្ឃឹមថា អង្គសន្និសីទនឹងមានការយល់ឃើញរួមគ្នា និងយល់ព្រមអនុម័តលើសេចក្តីប្រកាសរួមមួយ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះនិងម្ចាស់ការក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ ដោយមានការចូលរួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ មករា





