ចិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលុបបំបាត់បទល្មើសឆបោកតាមអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃថា ប្រទេសកម្ពុជា បានពង្រឹងការអនុវត្តច្បាប់ ការបង្រ្កាបអំពើពុករលួយ និងការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមឧក្រិដ្ឋជន ហើយសកម្មភាពទាំងនេះបានលុបបំបាត់ទីតាំងឆបោកតាមកាស៊ីណូទ្រង់ទ្រាយធំ និងបានចាប់ខ្លួនព្រមទាំងបណ្ដេញជនសង្ស័យរាប់ម៉ឺននាក់ ដែលទទួលបានការទទួលស្គាល់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ការលើកឡើងរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីបែបនេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តម Yang Weilin បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ឯកឧត្តមបានលើកឡើងថា ដោយសារជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ខាតបង់ថវិការាប់សិបប៊ីលានយ័នជារៀងរាល់ឆ្នាំ) ចិន បានដាក់ចេញនូវក្របខ័ណ្ឌ "Specializations ៤ និង Synergies ២" ដើម្បីពង្រឹងការស្រាវជ្រាវ បង្កើតក្រុមជំនាញ បង្កើនបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្ដមបានឱ្យដឹងទៀតថា ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការបង្ក្រាប ប៉ូលិសចិន និងកម្ពុជា បានរួមគ្នាផ្តួល និងចាប់ខ្លួនមេខ្លោងធំៗនៅពីក្រោយបទល្មើសកាស៊ីណូឆបោក ដូចជា Chen Zhi Li Xiong និង Liu Ren។ ជាមួយគ្នានេះ ប៉ូលិសចិន និងមីយ៉ាន់ម៉ា បានលុបបំបាត់ក្រុមឧក្រិដ្ឋជន "គ្រួសារធំៗទាំង៤" (Four Major Families) នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសចិន និងថៃ ក៏បានធ្វើបត្យាប័ន (Extradition) លើបុគ្គល She Zhijiang ទៅតាមផ្លូវច្បាប់។ ចិន ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាច្រើនទៀតនៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាម៉េរិក ផងដែរ។
ឯកឧត្តមអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសចិនបានអំពាវនាវដល់គ្រប់បណ្តាប្រទេសទាំងអស់ កុំធ្វើនយោបាយូបនីយកម្ម (Politicize) លើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ឬធ្វើការប្រឈមមុខដាក់គ្នា ប៉ុន្តែត្រូវរួមគ្នាចែករំលែកព័ត៌មានសម្ងាត់ ទប់ស្កាត់លំហូរថវិកាខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យឱ្យបានឆាប់រហ័ស។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ "សម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមទូរគមនាគមន៍ និងអនឡាញ (International Alliance for Combating Telecom and Cyber Fraud)” ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយមានការចូលរួមពី ៤៧ ប្រទេស រួមមាន ចិន កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី៕
ដោយ៖ ទេស ច័ន្ទសុធារី





