ឯកឧត្តម គួច ចំរើន ស្នើមន្ត្រីជំនាញឱ្យណែនាំប្រជាពលរដ្ឋឱ្យគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីសំណង់
AKP កណ្ដាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ស្នើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តគាំទ្រ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យសាងសង់លំនៅឋានសមរម្យ ព្រមទាំងត្រូវតម្រង់ទិស និងណែនាំប្រជាពលរដ្ឋឱ្យគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីសំណង់។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបន្តថា ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងគុណភាពសំណង់។ ជាមួយគ្នានេះ មន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តសហការសម្របសម្រួល និងកាត់បន្ថយភាពស្មុគស្មាញនានា ក្នុងដំណើរការគូសប្លង់ និងការស្នើសុំលិខិតអនុញ្ញាតសាងសង់ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវារដ្ឋបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ស្របតាមច្បាប់ជាធរមាន។
សូមជម្រាបជូនថា ឯកឧត្តម គួច ចំរើន បានដឹកនាំកិច្ចប្រជុំស្តីពីការស្នើសុំសាងសង់សំណង់ក្នុងខេត្តកណ្តាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





