ខេត្តកំពង់ចាមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០
AKP កំពង់ចាម ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ខេត្តកំពង់ចាមបានប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីប្រកាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ខេត្តកំពង់ចាមជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍។ ខេត្តមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន១៣កន្លែង ក្នុងនោះធម្មជាតិ៤កន្លែង ប្រវត្តិសាស្ត្រ៦កន្លែង និងកែច្នៃ៣កន្លែង និងមានប្រាសាទបុរណចំនួន១៥កន្លែង។ ជាមួយគ្នានោះ ខេត្តមានសណ្ឋាគារ១៨កន្លែង ផ្ទះសំណាក់១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន៧កន្លែង ផ្សាររាត្រី១កន្លែង សហគមន៍១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត។

ឯកឧត្តមអភិបាលខេត្តក៏បានឱ្យដឹងថា ដោយសារមានសក្តានុពលលើវិស័យទេសចរណ៍ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើន។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម ប្រមាណជាង ៥លាន ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ រយៈពេល៥ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីប្រែក្លាយខេត្តកំពង់ចាមទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឱ្យរួមដៃគ្នាអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» ឱ្យទទួលបានជោគជ័យ។ ផែនការនេះនឹងត្រូវប្រើប្រាស់ជាគ្រឹះយុទ្ធសាស្ត្រក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងការការពារ និងអភិរក្សសម្បត្តិវប្បធម៌-ប្រវត្តិសាស្ត្រ និងបរិស្ថានប្រកបដោយចីរភាព៕

ដោយ ឆាយ ម៉ុត





