កំណត់ត្រាទើបរកឃើញថ្មីៗបានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ការអភិរក្សត្រីប្រភេទត្រីប៉ាសាណាកទន្លេមេគង្គ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ត្រីប៉ាសាណាក (Aaptosyax grypus) ជាត្រីដ៏កម្របំផុតមួយនៅក្នុងទន្លេមេគង្គ ត្រូវបានគេគិតថាប្រហែលជាផុតពូជពីប្រទេសកម្ពុជាទៅហើយ។ ប៉ុន្តែកំណត់ត្រាទើបរកឃើញថ្មីៗនេះ បានផ្តល់ក្តីសង្ឃឹមថ្មី សម្រាប់ការអភិរក្សត្រីប្រភេទ ប៉ាសាណាកនេះនៅទន្លេមេគង្គ។ នេះបើតាមការឱ្យដឹងពីគម្រោងអច្ឆរិយទន្លេមេគង្គ Wonders of the Mekong នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមអត្ថបទស្រាវជ្រាវចុះផ្សាយនៅក្នុងទស្សនាវដ្តី Oryx ដោយអ្នកស្រាវជ្រាវពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម អគ្គនាយកដ្ឋានជលផល សាកលវិទ្យាល័យណេវ៉ាដា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យទូលូស បានបង្ហាញក្តីសង្ឃឹមថ្មី ពីវត្តមាននៃប្រភេទត្រីកម្រ ជិតផុតពូជពីទន្លេមេគង្គ។ ត្រីប៉ាសាណាកជាត្រីដ៏កម្រមួយប្រភេទ ដែលរស់នៅក្នុងអាងទន្លេមេគង្គ ត្រូវបានគេជឿថា វាបានវិនាសផុតពូជពីទន្លេមេគង្គប្រទេសកម្ពុជា ទៅហើយ ដោយសារមិនធ្លាប់បានប្រទះឃើញសំណាករបស់វាទាល់តែសោះ ចាប់ពីចន្លោះឆ្នាំ២០០៥ ដល់២០២០។ យ៉ាងណាម៉ិញ ការបង្ហាញវត្តមានសំណាក ត្រីប៉ាសាណាក ចំនួន៣ក្បាល ដែលបានរកឃើញនៅក្នុងខេត្តស្ទឹងត្រែង អំឡុងឆ្នាំ២០២០ និង២០២៥ បានផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់អ្នកស្រាវជ្រាវ និងអ្នកអភិរក្ស បន្តការពារទីជម្រក និងប្រភេទត្រីដ៏កម្រនេះ។

គួរបញ្ជាក់ផងដែរថា សំណាកត្រីប៉ាសាណាកដែលទទួលបានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទម្ងន់៦,២គីឡូក្រាម ត្រូវបានរក្សាទុកនៅបន្ទប់រក្សាសំណាក ក្នុងមហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយ ឱ្យបានស្គាល់ត្រីកម្រប្រភេទនេះ និងបន្តការសិក្សាស្រាវជ្រាវបន្ថែមទៀត។ ចំណែកឯសំណាកចំនួន ២ក្បាលទៀត ត្រូវបានរក្សាទុកនៅក្នុងបន្ទប់រក្សាសំណាក នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍជលផលទឹកសាប ក្នុងអគ្គនាយកដ្ឋានជលផល៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)





