ឧត្តមសេនីយ៍ឯក លឹម តុងហួត ចាត់ទុកដៃគូ MOU នៅតែមានសារៈសំខាន់ចាំបាច់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់ទុកថា ដៃគូ អនុស្សរណៈនៃការយោគយល់គ្នា(MOU) នៅតែមានសារៈសំខាន់ចាំបាច់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជនទូទៅ។ ការថ្លែងបែបនេះក្នុងឱកាសទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍កោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះដៃគូ MOU ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍បាននូវខ្លឹមសារអនុស្សរណៈដែលបានចុះជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅតាមវិស័យរៀងៗខ្លួន ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ដៃគូអនុស្សរណៈនៃការយោគយល់គ្នានេះ នៅតែមានសារៈសំខាន់ចាំបាច់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណៈជនទូទៅ ក៏ដូចជាទស្សនិកជន អ្នកគាំទ្រ ទាំងវិស័យសិល្បៈ កីឡា និងសោតទស្សន៍។
ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ក៏បានសំណូមពរឱ្យដៃគូទាំងអស់ ពិនិត្យនូវលទ្ធភាពដើម្បីបន្តការងារជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តទៀត។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចុះអនុស្សរណៈជាមួយនឹងសមាគមសិល្បករខ្មែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុនហ្គាឡាក់ស៊ី ក្រុមហ៊ុនហង្សមាស និងក្រុមហ៊ុនប៊ីខេអិល ផងដែរ៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





