មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង
AKP កំពង់ធំ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦ បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃដែលបច្ចុប្បន្ននេះភាគីយោធាថៃ នៅតែរំលោភលើសេចក្ដីប្រកាសរួមស្តីពីបទឈប់បាញ់ជាបន្តបន្ទាប់ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លេណដ្ឋាន រាយបន្លាលួសនៅចំណុចមួយចំនួន រំលោភលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ក្រោយពេលបទឈប់បាញ់ចូលជាធរមានរួចហើយ។ កម្ពុជាបានខិតខំអត់ធ្មត់ ដោយគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបង្ហាញភស្តុតាងការពិតជាក់ស្ដែង អំពីសកម្មភាពឈ្លានពានរំលោភកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងផែនការបាញ់កម្ទេចប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កកម្ពុជា និងបាញ់កម្ទេចបណ្ដាប្រាសាទបូរាណមួយចំនួនទៀតដែលជារបស់កម្ពុជា ស្ថិតនៅក្នុងដែនបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងបានដាក់ចេញនូវបទបញ្ជាមួយចំនួនដល់យោធិនគ្រប់រូបមានជាអាទិ៍៖ ទី១.យោធិនគ្របរូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដោយត្រូវហ៊ានធ្វើពលកម្មគ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងដើម្បីបុព្វហេតុជាតិ និងប្រជាជនកកម្ពុជា។ ទី២.ត្រូវយកចិត្តទុកដាក់គោរពតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយអាជ្ញាធរដែនដីព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការចូលរួមបង្ក្រាបបទល្មើសធនធានធមធម្មជាតិឱ្យទទួលបានជោគជ័យ ដើម្បីប្រជាជនកម្ពុជា និងសង្គមជាតិយើងទាំងមូល។ ក្នុងនោះ ត្រូវការពារឱ្យបានមិនឱ្យមានការកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ទី៣.ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រ បំប៉នលំហាត់របៀប យុទ្ធវិធី បច្ចេកទេស ជូនដល់យោធិនក្រោមឱវាទដើម្បីកាយសម្បទារឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។

ជាមួយនេះដែរ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទ ដែលកំពុងតែកើតមានឡើងថ្មីក្នុងពេលដែលជំនន់ទឹកភ្លៀង និងទឹកដែលកំពុងឡើងចេញពីតំបន់បឹងទន្លេសាបចូលព្រៃរនាម ដែលបច្ចុប្បន្នក្រុមជនល្មើសបានបប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅបណ្ដាតំបន់មួយចំនួន ពិសេសនៅតំបន់ព្រំប្រទល់ ស្រុកស្ទោង ខេត្តកំពង់ធំ និងព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប ដូច្នេះកម្លាំងដែលមានភារកិច្ចត្រូវតែបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះឱ្យបានជាដាច់ខាត ដើម្បីឱ្យធនធានមច្ឆជាតិរបស់យើងបានសំបូរឡើងវិញ៕

ដោយ ស៊ុម វណ្ណា





