រដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ«ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ»
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦– រដ្ឋបាលខេត្តព្រះសីហនុ រៀបចំយុទ្ធនាការ សម្អាតឆ្នេរក្រោមប្រធាន បទ«ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ» ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អេនរីកូ ហ្គាវេលីយ៉ា (ENRICO GAVEGLIA) តំណាងកម្មវិ ធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរា ជាណាចក្រកម្ពុជា លោកអភិបាលរងខេត្ត អភិបាលក្រុង មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស នៅឆ្នេរអូរឈើ ទាលស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ព្រឹកថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងយុទ្ធនាការ សម្អាតឆ្នេរក្នុងគោល បំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងផ្សារភ្ជាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យនៅតាមតំបន់ឆ្នេរ សោ ភ័ណភាពឆ្នេរ និងចូលរួមផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” និងជាវិស័យអាទិភាពដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ព្រមទាំងចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្ម ជាតិរបស់ជាតិ។

យុទ្ធនាការ សម្អាតឆ្នេរនាថ្ងៃនេះ មិនត្រឹមតែជាសកម្មភាពប្រមូលសំរាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារផ្លាស់ប្តូរឥរិយាបថ និងជាគោលបំណងយុទ្ធសាស្ត្រក្នុងការ លើកកម្ពស់ការថែរក្សាសក្តានុពលធនធានធម្ម ជាតិ និងសេវាកម្មទេសចរណ៍ ព្រមទាំងជំរុញការផ្សព្វផ្សាយតំបន់ឆ្នេរឱ្យកាន់តែ មានភាពទាក់ទាញ។ ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានខិតខំ ប្រឹងប្រែងក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការគ្រប់គ្រងអនាម័យបរិស្ថាន និងស្តង់ដាសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរឡើង។ លទ្ធផលខេត្តព្រះសីហនុ ទទួលបានជ័យលាភី និងពានរង្វាន់កម្រិតជាតិ អន្តរជាតិជាច្រើនជាក់ស្តែងនៅដើមឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុទទួលបាន ពានរង្វាន់ស្តង់ដាអាស៊ានរួមមាន៖
- ពានរង្វាន់ទីក្រុងស្អាតអាស៊ាន (ASEAN Clean Tourist City)
- ពានរង្វាន់ MICE Venue លើផ្នែកបន្ទប់ប្រជុំ ទីតាំងពិព័រណ៍ និងទីតាំងសន្និសីទ
- ពានរង្វាន់ការអនុវត្តទីក្រុងប្រកបដោយចីរភាពអាស៊ាន (ASTA Urban Category)ជាពិសេសឆ្នេរសមុទ្រកោះរ៉ុងត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ៩ ជាឆ្នេរស្អាតបំផុតរបស់ពិភពលោក។ ជោគជ័យ និងពានរង្វាន់ទាំងនេះមិនមែនកើត ឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ អនាម័យ បរិស្ថានស្អាត និងសណ្តាប់ធ្នាប់សាធារណៈ គឺជាបេះដូងនៃទេសចរណ៍ ប្រកបដោយនិរន្តរភាព។ ទីក្រុងស្អាត ឆ្នេរស្អាត មិនមែនធ្វើឡើងតែមួយថ្ងៃ ឬមួយគ្រានោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមជាប្រចាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បន្តថា ក្នុងនាម រដ្ឋបាលខេត្តសូមអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពជំនាញ វិស័យឯកជនប្រតិបត្តិករទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ដូចខាងនក្រោម ៖
១.បន្តយកចិត្តទុកដាក់ប្រមូលសំណល់ឱ្យបានត្រឹមត្រូវ រួមថែរក្សាអនា ម័យបរិស្ថានឆ្នេរឱ្យបានស្អាតជានិច្ច។
២. ចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត និងព្រែកស្អាត ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍តំបន់ឆ្នេរបៃតង ឆ្លាតវៃ និងផ្តល់បទពិសោធន៍សម្រាកលំហែកាយដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ។

ទន្ទឹមនេះ ឯកឧត្តម អភិ បាលខេត្តព្រះសីហនុ ស្នើសុំឱ្យក្រសួង-ស្ថាប័នពាក់ ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ជាពិសេសក្រសួងទេសចរណ៍បន្តការគាំទ្រអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេស ចរណ៍តំបន់ឆ្នេរប្រកប ដោយចីរភាព ភាពធន់ បរិយាបន្ន និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បើកយុទ្ធ នាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍សហគមន៍រឹងមាំ» ដើម្បីលើកកម្ពស់ទេសចរណ៍តាមឆ្នេរសមុទ្រប្រកបដោយនិរន្តរ ភាព និងកាត់បន្ថយសំណល់ផ្លាសស្ទីក ក្រោមពាក្យស្លោក "ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ" នៅឆ្នេរអូរឈើទាលនាពេលនេះ ដែលជាយុទ្ធនាការលើកទី៣ ដែលក្រសួងទេសចរណ៍បានសហការយ៉ាងជិត ស្និតជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការ UNDP ដើម្បីរៀបចំយុទ្ធនាការសម្អាតឆ្នេរសមុទ្រ និងទន្លេ។ លើកទី១ យុទ្ធនាការបានរៀបចំនៅ រាជធានីភ្នំពេញ លើកទី២ ខេត្តសៀមរាប និងលើកទី៣ នៅលើទឹកដីនៃខេត្តព្រះសីហនុនាព្រឹកនេះ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលផ្លែផ្កាជាច្រើនកើតចេញជា បន្តបន្ទាប់ពីការដឹកនាំរបស់គណៈអភិបាលខេត្តព្រះសីហនុ គ្រប់ជំជាន់រហូតមកដល់ពេលនេះ ព្រមទាំងធ្វើការអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុ សិស្ស ភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមថែរក្សា និងរួមគ្នាសម្អាតឆ្នេរ សមុទ្ររបស់យើងឪ្យបានស្អាត មានអនាម័យ សោ ភណភាពបរិស្ថាន ក្នុងការទាក់ទាញទេសចរណ៍មកកាន់ខេត្តតំបន់ឆ្នេរនា ទិស នារតីកាន់តែច្រើននាពេលខាងមុខ ៕

ដោយ៖ ងូ សុមុនី





