សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត សហការជាមួយសាខាស្រុក និងរតនាគារខេត្តកំពង់ធំ បន្តបើកកិច្ចប្រជុំសាខា និងវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាស្រុក/ឃុំ ស្តីពីការប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ សហការជាមួយ សាខាស្រុក និងក្រុមការងាររតនាគារខេត្តកំពង់ធំ បន្តបើកកិច្ចប្រជុំសាខា និងវគ្គបណ្តុះបណ្តាល ដល់ក្រុមប្រឹក្សាស្រុក/ឃុំ ស្តីពីការប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានស្ថិតនៅសាល ប្រជុំការិយាល័យអប់រំ យុវជននិងកីឡាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក អួង សារឿន ប្រធានសាខាសមាគមក្រុម ប្រឹក្សាថ្នាក់មូលដ្ឋានស្រុកបារាយណ៍ លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាល ស្រុក បារាយណ៍ ក្រុមការងាររតនាគារខេត្តកំពង់ធំ លោក-លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងប្រធានការិយាល័យជុំវិញស្រុកសរុបចំនួន១៣៩នាក់ (ស្រី៣៨នាក់)។

ក្នុងឱកាសនេះ លោក អួង សារឿន ប្រធានសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ស្រុកបារាយណ៍ បានលើកឡើងពីគោលបំណងកិច្ចប្រជុំសាខា និងវគ្គបណ្តុះបណ្តាលដល់ ក្រុមប្រឹក្សាស្រុក/ឃុំ ស្តីពីការប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានរួមមាន៖ ១.ពង្រឹងការយល់ដឹងនិងចំណេះដឹង របស់ក្រុមប្រឹក្សាស្រុក/ឃុំ អំពីគោលការណ៍ នីតិវិធី និងការគ្រប់គ្រងការប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ និងមាន ប្រសិទ្ធភាព។ ២.ពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការនិងថវិកាដោយផ្តោត លើតម្រូវការជាក់ ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះនិងការលើកកម្ពស់សុខុមាលភាព សហគមន៍។ ៣.បង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការប្រើប្រាស់ថវិកាឱ្យស្របតាមផែនការ គោលការណ៍និងនីតិវិធីពាក់ព័ន្ធព្រមទាំងធានាឱ្យការចំណាយមានគណនេយ្យភាព និងអាចត្រួត ពិនិត្យបាន។

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការអនុវត្តសកម្មភាពអនាម័យបរិស្ថាន នៅតាមមូលដ្ឋានដើម្បីកាត់បន្ថយ បញ្ហាសំរាមនិងការបំពុលបរិស្ថាន រួមចំណែកការពារសុខភាពប្រជាពលរដ្ឋ។ កិច្ចសហការរវាង ស្រុក/ឃុំនិងភាគីពាក់ព័ន្ធ ក្នុងការរៀបចំអនុវត្តន៍តាមដាន និងវាយតម្លៃសកម្មភាពដែល ទទួលបានការគាំទ្រពីថវិកាសេវាសង្គមនិងអនាម័យបរិស្ថាន។ ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារនៅមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងកែលម្អការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ធានាឱ្យថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសង្គមនិងការ កែលម្អអនាម័យបរិស្ថាននៅមូលដ្ឋាន។

លោក ផន សុជា ប្រធានការិយាល័យថ្នាក់ក្រោមជាតិរបស់រតនគារខេត្តកំពង់ធំ បានបទ បង្ហាញស្តីពីការគ្រប់គ្រងការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង/ស្រុក និងមូលនិធិឃុំ/សង្កាត់។ សារៈសំខាន់នៃថវិកា សេវាសង្គមនិងអនាម័យបរិស្ថាន តួនាទីរបស់ក្រុង/ស្រុកនិងឃុំ/សង្កាត់ ក្នុងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ គោលបំណងនៃការគ្រប់គ្រង និងចាត់ចែងចំណាយ ឱ្យមានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព។ ត្រូវយល់ដឹងពីគោលការណ៍គ្រប់គ្រងថវិកា កំណត់ឱ្យបានច្បាស់នូវមុខសញ្ញាចំណាយ ដែលអាចប្រើប្រាស់មូលនិធិបានបែងចែកតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកា សម្រាប់សេវាសង្គម និងបរិស្ថាន។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានសំណូមពរដល់រដ្ឋបាលឃុំទាំងអស់ ត្រូវតែមើលអនុក្រឹត្យ សារាចរណែនាំរបស់ក្រួងមហាផ្ទៃ និងឯកសារដែលបានចែកជូនក្នុងវគ្គបណ្តុះបណ្តាល ដើម្បីឱ្យដឹងពីការចំណូលចំណាយក្នុង ការប្រើប្រាស់ថវិកានៅក្នុងរដ្ឋបាលឃុំរបស់ខ្លួន។ ការអនុវត្តតួនាទី/ភារកិច្ច អនុវត្តន៍ឱ្យបានល្អ ប្រសើរត្រូវអនុវត្តន៍ឱ្យត្រូវគោលការណ៍របស់សមាគមហើយសមាគមខិតខំព្យាយាមរកមេរៀនណាល្អៗ ដើម្បីឱ្យរដ្ឋបាលឃុំមានការវិវត្តបន្ថែមទៀត។ សូមរក្សាសាមគ្គីភាពផ្ទៃក្នុងនៅ ក្នុងរដ្ឋបាលឃុំរបស់ខ្លួន ហើយចេះទំនាក់ទំនងល្អរវាងក្រុមការងារ និងអង្គការដៃគូនានាដើម្បីឱ្យការងារនៅក្នុងអង្គភាពរបស់ខ្លួនទទួលបានភាពជោគជ័យ៕

ដោយ ស៊ុម វណ្ណា





