កងកម្លាំងនគរបាលជួរមុខខេត្តបន្ទាយមានជ័យទទួលបានអំណោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងនាមថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធនៅតាមមូលដ្ឋានផ្ទាល់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនកងកម្លាំងនគរបាលជួរមុខ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដែលតែងតែឆ្លៀតពេលវេលាដ៏មានតម្លៃចុះមកពិនិត្យផ្ទាល់ និងនាំយកការឧបត្ថម្ភគាំទ្រមកដល់កងកម្លាំងការពារព្រំដែន ដែលកំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងជួរមុខទាំង ៤វរសេនាតូច និងអធិការដ្ឋានក្រុង-ស្រុកជាប់ព្រំដែនទាំង៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានវាយតម្លៃខ្ពស់ចំពោះពលីកម្មដ៏ធំធេងរបស់កងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពដែនដី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ឯកឧត្តមបានដាក់ចេញនូវអនុសាសន៍គន្លឹះ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារការពារព្រំដែន ដោយរក្សាឱ្យបាននូវភាពម៉ឺងម៉ាត់ ការល្បាតត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ព្រោះសុខភាពគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបំពេញភារកិច្ចការពារជាតិ និងក្រុមគ្រួសារ។ត្រូវគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានម៉ឺងម៉ាត់ ក្នុងនាមជាកងកម្លាំងនគរបាលជាតិដែលមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ត្រូវប្តេជ្ញាបម្រើជាតិ និងមាតុភូមិដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាការពារសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការពង្រឹងសមត្ថភាពការងារ និងជីវភាពរស់នៅ អំណោយដ៏ថ្លៃថ្លាដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ការចូលរួមរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសប្បុរសជន ត្រូវបានប្រគល់ជូនរួមមានថវិកា ជូនស្នងការដ្ឋានចំនួន ៥លានរៀល និងវរសេនាតូចព្រំដែនគោកទាំង៤ ចំនួន ១២លានរៀល។ ស្បៀងអាហារ និងសម្ភារឧបត្ថម្ភ:អង្ករនាងមិញ ចំនួន ១០តោន មីជាតិ ចំនួន ១០០កេសទឹកត្រី ចំនួន ១០០យួរ និងទឹកស៊ីអ៊ីវ ចំនួន ១០០យួរ ទឹកសុទ្ធកម្ពុជា ចំនួន ២០០កេស នំស្រួយប្រៃផ្អែម ចំនួន ២០០កេស ភេសជ្ជៈ Cambodia Energy Drink ចំនួន ៥០កេស និង Dazz Zero Sugar Can ចំនួន ៥០កេស សម្ភារបម្រើការងារ និងសុវត្ថិភាព ការ៉ុង ចំនួន ២០.០០០សន្លឹក ប្រព័ន្ធសូឡាព្រមទាំងអាគុយ ចំនួន ១០ឈុត សម្រាប់ប្រើប្រាស់នៅតាមគោលដៅជួរមុខ។

សកម្មភាពចុះសួរសុខទុក្ខនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតី កងកម្លាំងបម្រើប្រជាជន និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះសុខទុក្ខរបស់កងកម្លាំងការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ឈុន សារ៉ាត





