អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ទទួលសំណើសុំចុះបញ្ជី QIP ចំនួន ១៨គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាម៉េរិក
AKP ព្រះសីហនុ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានឈ្វេងយល់លម្អិត និងដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនបានជួបប្រទះ និងបានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាផ្លាស់ប្តូយោបល់ជាប្រចាំ។ ជាមួយនឹងការជំរុញឱ្យអ្នកវិនិយោគដែលមានស្រាប់ព្យាយាមអូសទាញវិនិយោគិនដទៃទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរតំណាងក្រុមហ៊ុនផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវា ប.ស.ស.ជូនបុគ្គលិក កម្មករ និងយោជិតឱ្យបានត្រឹមត្រូវ ហើយត្រូវគិតគួរឱ្យបានគត់មត់ចំពោះបញ្ហាបរិស្ថាន អនាម័យ និងសង្គមដែលអាចមានកើតឡើង។

សូមជម្រាបថា ឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជី QIP ចំនួន ១៨ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាម៉េរិក៕

ដោយ ងូ សុមុនី





