ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី អរិយមគ្គប្រកបដោយអង្គ៨
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី អរិយមគ្គប្រកបដោយអង្គ៨ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ។ ពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមពិធីមាន៖ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត។
ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានឡើងធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល ដោយបានបង្ហាញថាវគ្គបណ្តុះបណ្តាលស្តីពី “អរិយមគ្គប្រកបដោយអង្គ ៨” មានសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទចូលរួមសរុបចំនួន ៧០រូប ស្រី ១០រូប ដោយបានសិក្សារៀងរាល់ថ្ងៃព្រហស្បតិ៍ រយៈពេល ២ម៉ោង តាមប្រព័ន្ធនិមិត្ត (Zoom) ក្នុងរយៈពេល ៨សប្ដាហ៍ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានោះដែរ លោក ឃួច លីននី តំណាងឱ្យសិក្ខាកាម បានថ្លែងនូវចំណាប់អារម្មណ៍ថា៖ វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្ដល់នូវចំណេះដឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការដាស់សតិ អារម្មណ៍ និងតម្រង់ទិស ដល់សិក្ខាកាមទាំងអស់គ្នាឱ្យក្លាយជាមន្ត្រីដែលប្រកបដោយគុណធម៌ សុចរិតភាព និងមនសិការវិជ្ជាជីវៈខ្ពស់។


ឯកឧត្ដម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអរគុណចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាបរិនាយកសាលាអាជីវកម្មសម្មាមគ្គ ដែលបានចំណាយពេលវេលា និងបញ្ញាញាណ ក្នុងការធ្វើជាគ្រូឧទ្ទេសផ្ទាល់ ចែករំលែកនូវពុទ្ធិ គុណធម៌ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋមន្ដ្រីបានបន្តទៀតថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាសសរស្ដម្ភដ៏សំខាន់មួយ ក្នុងចំណោមសសរស្ដម្ភទាំង៥ នៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ អនុលោមតាមក្របខណ្ឌយុទ្ធសាស្ដ្រនេះ ក្រសួងអភិវឌ្ឍន៍ជនបទ មិនត្រឹមតែត្រូវការមន្ត្រី ដែលមានសមត្ថភាពនិងចំណេះជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់បំផុតត្រូវមានមន្ត្រីរាជការដែលមានទាំងសមត្ថភាព គុណធម៌ សីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលដែលបានបញ្ចប់ដោយជោគជ័យនេះ ពិតជាបានឆ្លើយតបចំទិសដៅដែលក្រសួងត្រូវការ ដោយបានបញ្ចូលនូវការអប់រំចិត្ត តាមបែបទស្សនវិជ្ជាព្រះពុទ្ធសាសនា ទៅក្នុងការកសាងបុគ្គលិកលក្ខណៈ និងវប្បធម៌ការងាររបស់មន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។


ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍ជូនដល់អង្គពិធី ឱ្យយកពុទ្ធិដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅអនុវត្តជាក់ស្តែងក្នុងជីវិតនិងការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវតម្លៃពេញលេញ ព្រមទាំងដើម្បីពង្រឹងបន្ថែមនូវ “ភាពជាអ្នកដឹកនាំ គុណធម៌ សីលធម៌ និងសាមគ្គីភាព” នៅក្នុងអង្គភាពនីមួយៗនៃក្រសួងអភិវឌ្ឍន៍ជនបទ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





