កិច្ចពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNDP លើការងារប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា (EW4All)
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ក្រសួង ទទួលជួបពិភាក្សាការងារជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងគាំទ្រដល់ «ប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា» (Cambodia Early Warning for All - EW4All)។

ជំនួបពិភាក្សានេះគឺជាការចាប់ផ្តើមជាផ្លូវការនៃភាពជាដៃគូរវាងក្រសួងធនធានទឹក និងឧតុនិយម និង UNDP ព្រមទាំងស្វែងរកឱកាសការងារបន្ថែមក្នុងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ដោយផ្តោតលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ ទី១- ការពង្រឹងការសង្កេត និងប្រមូលទិន្នន័យអាកាសធាតុ ហានិភ័យគ្រោះថ្នាក់ទាក់ទងនឹងទឹក ព្រមទាំងធានានិរន្តរភាពនៃបណ្តាញសង្កេតការណ៍។ ទី២- ការពង្រឹងសមត្ថភាពព្យាករណ៍ហានិភ័យគ្រោះថ្នាក់ធម្មជាតិ ការរៀបចំសារប្រកាសឱ្យដឹងមុន និងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងទី៣- ការពង្រឹងបណ្តាញផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន ឱ្យទៅដល់សហគមន៍ងាយរងគ្រោះ និងភាគីពាក់ព័ន្ធបានទាន់ពេលវេលា អាចអនុវត្តបាន និងមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តមសាស្រ្តចារ្យបណ្ឌិតបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ UNDP លើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេស គាំទ្រដល់ ការពង្រឹងការតាមដាន ការព្យាករគ្រោះទឹកជំនន់ និងហានិភ័យអាកាសធាតុ ព្រមទាំង ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (EW4All) នៅកម្ពុជា និង ការស្វែងរកឱកាសកៀរគរមូលនិធិដើម្បីធ្វើការរួមគ្នាបន្ថែមទៀត៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





