កិច្ចប្រជុំពិភាក្សាលើគម្រោងដែលក្រុមហ៊ុនឯកជនស្នើសុំជួលទីតាំងដីដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅតំបន់អាងទឹកតាសាល
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ជួបប្រជុំពិភាក្សា និងពិគ្រោះយោបល់ការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើករណីក្រុមហ៊ុនឯកជន បានស្នើសុំជួលទីតាំងដីនៅចំណុចទំនប់អាងទឹកតាសាល ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការអភិវឌ្ឍជាគម្រោងទេសចរណ៍ធម្មជាតិ និងរុក្ខទេសចរណ៍ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុកឱរ៉ាល់ និងតំណាងក្រុមហ៊ុនឯកជនផងដែរ។


ឯកឧត្តម អ៊ុក វុទ្ធី បានបញ្ជាក់ថា ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុកជាទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយភ្ជាប់ទៅនឹងធម្មជាតិ ជំនឿ និងប្រវត្តិសាស្ត្រ ដែលក្នុងនោះធនធានទឹកមានតួនាទីយ៉ាងសំខាន់។ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវអនុវត្តតាមច្បាប់ជាធរមាន ខណៈគម្រោងវិនិយោគនៅអាងទឹកតាសាលនេះ នឹងជួយបង្កើតភាពប្រទាក់ក្រឡាជាមួយតំបន់ទេសចរណ៍ដែលមានស្រាប់ ដូចជា ភ្នំខ្នងផ្សារ និងតេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

ជាលទ្ធផល អង្គប្រជុំទាំងមូលបានសម្តែងនូវការគាំទ្រ និងសាទរចំពោះគម្រោងវិនិយោគរមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនរៀបចំគម្រោងប្លង់មេនៃរមណីយដ្ឋានឱ្យបានច្បាស់លាស់ លម្អិត និងត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានឱ្យបានម៉ឺងម៉ាត់បំផុត មុនចាប់ផ្តើមអនុវត្តគម្រោងនេះ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





