កិច្ចប្រជុំទ្វេភាគីរវាងក្រសួងសុខាភិបាលកម្ពុជា និងឡាវ នៅទីក្រុងគូឡាឡាំពួ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦-- នៅសណ្ឋាគារ JW Marriott ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Baykham Khatthiya រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងប្រទេសទាំងពីរ។
គោលបំណងនៃជំនួបនេះគឺដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើការរៀបចំពង្រាង និងឈានដល់ការរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ដែលបានពិភាក្សា និងសម្រេចសេចក្តីព្រាង MoU នេះកាលពីខែកក្កដា ឆ្នាំ២០២៦។


អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះនឹងក្លាយជាក្របខ័ណ្ឌការងារដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពនានា រួមមាន៖ ការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឆ្លងដែន សុខភាពមាតា និងទារក សុវត្ថិភាពម្ហូបអាហារ ការធានាគុណភាពឱសថ និងការអភិវឌ្ឍធនធានមនុស្ស។
បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខសុខភាពតំបន់ លើការសម្រួលបទប្បញ្ញត្តិនាំចេញ-នាំចូលឱសថ ការចុះបញ្ជីឱសថ និងការបណ្តុះបណ្តាលបច្ចេកទេសរួមគ្នា ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងពីរ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





