កិច្ចប្រជុំទ្វេភាគីរវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦-- ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី។
ក្នុងជំនួបនេះ ឯកឧត្តម Budi បានជម្រាបជូនអំពីការចាត់តាំងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដល់រូបលោក ដើម្បីឈរឈ្មោះជាបេក្ខជនអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) សម្រាប់អាណត្តិ ២០២៧-២០៣២ ព្រមទាំងស្នើសុំការគាំទ្រពីបណ្តាប្រទេសអាស៊ាន ជាពិសេសពីកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ីក្នុងរបៀបវារៈសុខភាពសកល ដោយគូសបញ្ជាក់ថា ជ័យជម្នះរបស់ឥណ្ឌូនេស៊ី គឺជាកិត្តិយសដ៏ធំធេងសម្រាប់តំបន់អាស៊ានទាំងមូល។


ទន្ទឹមនឹងនេះ ភាគីទាំងពីរបានរំលឹក និងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០២៤ លើវិស័យអាទិភាពចំនួន៤ រួមមាន៖ សេវាសុខាភិបាល ភាពធន់ផ្នែកសុខាភិបាល (ការឆ្លើយតបគ្រាអាសន្ន សន្តិសុខឱសថ និងបរិក្ខារវេជ្ជសាស្ត្រ) ធនធានមនុស្ស និងបច្ចេកវិទ្យាសុខាភិបាល (ឌីជីថល និងជីវបច្ចេកវិទ្យា)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឱ្យឥណ្ឌូនេស៊ីសហការបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលកម្ពុជា តាមរយៈអាហារូបករណ៍ ផ្តល់ការចុះកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។
កិច្ចប្រជុំបានដំណើរការទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសុខភាពប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





