ASPIRE-AT ស្តាប់សំឡេងកសិករ ជំរុញកសិកម្មស្រូវទំនើប
AKPបន្ទាយមានជ័យថ្ងៃទី ៩ ខែកញ្ញាឆ្នាំ២០២៦--ការផ្លាស់ប្តូរប្រព័ន្ធកសិកម្មឱ្យកាន់តែមានផលិតភាព ខ្លាំងលើការធ្វើពិពិធកម្មសមស្របនឹងអាកាសធាតុ និងមានស មត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារ មិនអាចផ្អែកតែលើផែនការដែលរៀបចំពីថ្នាក់លើនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការស្តាប់សំឡេងរបស់កសិករ និងសហគម ន៍នៅមូលដ្ឋាន។ នេះជាទិសដៅសំខាន់ដែលក្រុមការងារ ASPIRE-AT ថ្នាក់ខេត្ត បានអនុវត្តតាមរយៈការចុះជួបផ្ទាល់ជាមួយមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មស្រូវទំនើប នៅខេត្តបន្ទាយមានជ័យ។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី បានដឹក នាំក្រុមការងារ ASPIRE-AT ថ្នាក់ខេត្ត សហការជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ចុះជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មស្រូវទំនើបចំនួន២ រួមមាន សហគមន៍ស្រូវទំនើបព្រះនេត្រព្រះមានជ័យ ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ និង សហគមន៍ស្រូវទំនើបមង្គលបូរីជោគជ័យ ស្ថិតនៅភូមិកោះភ្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

កិច្ចជួបពិភាក្សានេះ មានអ្នកចូលរួមសរុបចំនួន ៦០នាក់ ក្នុងនោះស្ត្រី ១៧នាក់ ដែលបានផ្តល់ឱកាសឱ្យតំណាងសហគមន៍ និងមន្ត្រីពាក់ព័ន្ធចូលរួមចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងតម្រូវការដែលកំពុងកើតមាននៅក្នុងដំណើរការផលិតកម្មស្រូវ និងការអភិវឌ្ឍសហគមន៍កសិកម្ម។
លោក រុន សុផាន់ណារ៉ា បានដឹកនាំកិច្ចពិភាក្សាដោយផ្តោតលើការប្រមូលព័ត៌មានជាក់ស្តែងពីសហគមន៍ សំដៅស្វែងយល់ឱ្យបានច្បាស់ពីស្ថានភាពផលិតកម្មនាពេលបច្ចុប្បន្ន ព្រមទាំងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ តម្រូវការចាំបាច់ និងចក្ខុ វិស័យរបស់សហគមន៍ចំពោះការអភិវឌ្ឍវិស័យកសិកម្មនៅពេលអនាគត។
តាមរយៈវេទិកានេះ លោកបានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់សហ គមន៍ ព្រោះព័ត៌មានពីអ្នកផលិតផ្ទាល់ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់កំណត់ទិសដៅអន្តរាគមន៍ឱ្យបានត្រឹមត្រូវ។ ការស្តាប់បញ្ហាពីកសិករផ្ទាល់ ក៏អាចជួយឱ្យអ្នករៀបចំគម្រោងយល់កាន់តែច្បាស់ពីភាពខុសគ្នានៃលក្ខខណ្ឌផលិតកម្ម តម្រូវការធនធាន បច្ចេកទេស និងទីផ្សារ ដែលសហគមន៍នីមួយៗកំពុងប្រឈម។
ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតលើ ចក្ខុវិស័យសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធកសិកម្មបច្ចុប្បន្ន ទៅជាប្រព័ន្ធកសិកម្មដែលមានផលិតភាពខ្ពស់។ ការផ្លាស់ប្តូរនេះ មិនមែនមានន័យត្រឹមតែការបង្កើនបរិមាណផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរទាំងគុណភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ការកាត់បន្ថយហានិភ័យ និងសមត្ថភាពរបស់កសិករក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃអាកាសធាតុ និងទីផ្សារ។

ការធ្វើកសិកម្មក្នុងបរិបទបច្ចុប្បន្ន តម្រូវឱ្យកសិករមានការបត់បែនខ្ពស់ ពិសេសចំពោះការប្រែប្រួលអាកាសធាតុ ថ្លៃដើមផលិតកម្ម និងការប្រែប្រួលតម្រូវការទីផ្សារ។ ដូច្នេះ ការធ្វើ ពិពិធកម្មកសិកម្មសមស្របនឹងអាកាសធាតុ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃការកសាងប្រព័ន្ធកសិកម្មដែលមានភាពធន់ និងអាចរក្សាបាននូវប្រាក់ចំណូលរបស់គ្រួសារកសិករ។
ចំណុចសំខាន់មួយនៃការចុះជួបនេះ គឺព័ត៌មាន និងមតិយោបល់ដែលប្រមូលបានពីមន្ត្រីកសិកម្មឃុំ និងសហគមន៍ស្រូវទំនើប នឹងត្រូវយកទៅប្រើប្រាស់ជាធាតុចូលសម្រាប់ ការរៀបចំ និងកែលម្អសំណើគម្រោង RICE+ ឱ្យកាន់តែមានភាពសមស្រប និងឆ្លើយតបនឹងតម្រូវ ការជាក់ស្តែងនៅមូលដ្ឋាន។
នេះមានន័យថា សំឡេងរបស់សហគ មន៍មិនត្រូវបញ្ចប់ត្រឹមក្នុងកិច្ចប្រជុំឡើយ ប៉ុន្តែត្រូវបម្លែងទៅជាព័ត៌មានសម្រាប់ការរៀបចំគម្រោង និងកំណត់អាទិភាពនៃការគាំទ្រ។ ប្រសិនបើដំណើរការនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព វានឹងជួយកាត់បន្ថយគម្លាតរវាងគោល នយោបាយ និងតម្រូវការជាក់ស្តែងរបស់អ្នកផលិតនៅមូលដ្ឋាន។
ជាពិសេស សហគមន៍កសិកម្មដែលជាអ្នកប្រឈមមុខផ្ទាល់ជាមួយបញ្ហាផលិ តកម្ម នឹងមានឱកាសចូលរួមកំណត់អាទិភាពនៃការអភិវឌ្ឍរបស់ខ្លួន។ នេះជាវិធីសាស្ត្រដែលអាចជួយឱ្យការអន្តរាគមន៍នាពេលខាងមុខកាន់តែចំគោលដៅ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងបង្កើនប្រសិទ្ធភាពនៃការគាំទ្រដល់កសិករ។
អ្វីដែលសហគមន៍បានចែករំលែកនៅថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំ និងកែលម្អសំណើ RICE+ ឱ្យកាន់តែឆ្លើយតបនឹងបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង។ ខណៈដែលកសិកម្មកម្ពុជាកំពុងឈានទៅរកការធ្វើទំនើបកម្ម ការស្តាប់សំឡេងកសិករពីមូលដ្ឋាន និងការរៀបចំការគាំទ្រឱ្យស្របតាមតម្រូវការពិត នឹងក្លាយជាគន្លឹះសំខាន់ក្នុងការកសាងវិស័យកសិកម្មមួយដែលមាន ផលិតភាពខ្ពស់ មានភាពធន់នឹងអាកាសធាតុ មានការធ្វើពិពិធកម្ម និងមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ៕
ដោយ ៖ឈុនសារ៉ាត





