កាកបាទក្រហមកម្ពុជាបើកវគ្គបំប៉ន“គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម”ចំនួន៣ថ្ងៃជូនគ្រូបង្គោលនៅថ្នាក់កណ្តាល,សាខារាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាបើកវគ្គបំប៉ន “គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម” ជូនដល់គ្រូបង្គោលនៅថ្នាក់កណ្តាល គ្រូបង្គោលមកពីសាខា កាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានីខេត្ត និងគ្រូបង្គោលតាមស្ថាប័នពាក់ព័ន្ធ ដែលអញ្ជើញបើកវគ្គដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចាប់ថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមចំនួន ៦៩នាក់។
វគ្គបំប៉ននេះធ្វើឡើងក្នុងគោលបំណង ៖
១.ដើម្បីស្វែងយល់ពីសារៈសំខាន់ ការប្រើប្រាស់ម៉ាស៊ីន និងការបណ្តុះបណ្តាល CPR ជាមួយ AED ឱ្យបានច្បាស់លាស់ក្នុងការជួយសង្គ្រោះជីវិត។

២.ដើម្បីគ្រូជំនាញសង្គ្រោះបឋម កក្រក បណ្តុះបណ្តាលគ្រូសង្គ្រោះបឋមបន្ថែមទៀតនៅថ្នាក់សាខា នូវជំនាញ ចំណេះដឹងថ្មីៗ ក្នុងការផ្តល់ចំណេះដឹងថ្មីៗ ជូនដល់សហគមន៍។
៣.ដើម្បីពិនិត្យមើលបច្ចេកទេសការជួយសង្រ្គោះបឋមដល់ជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេសស្របតាមបច្ចុប្បន្នភាពជាសកល។

៤.ការបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម មានសារៈសំខាន់ខ្លាំងណាស់ អាចពិនិត្យមើលសមត្ថភាពគ្រូបង្ហាត់ ដើម្បីបង្រៀនបន្ត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

៥.បច្ចុប្បន្នភាពសង្គ្រោះបឋមឌីជីថល កាកបាទក្រហមកម្ពុជាបានបង្កើត First Aid App , រៀនតាមអនឡាញ។
៦.បញ្ជ្រាបការបណ្តុះបណ្តាលសង្គ្រោះបឋមផ្លូវចិត្ត PFA ដើម្បីទទួលបានលទ្ធផលទៀងទាត់ក្នុងការទំនាក់ទំនង ចូលរួមសិក្ខាសាលា និងធ្វើបច្ចុប្បន្នភាពជាមួយសហព័ន្ធកាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិ IFTC តួតពិនិត្យការអនុវត្តន៍របស់គ្រូបង្គោល ស្តីពីការអនុវត្តតាម ក្របខណ្ឌការងារសង្គ្រោះបឋម ២០២៤-២០៣០ First Aid Framework ជំរុញ និងលើកកម្ពស់ក្នុងការប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម និងដើម្បីសម្រេចយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០៣០ មានម្នាក់ក្នុងមួយគ្រួសារយល់ដឹងពីសង្គ្រោះបឋម។ ជាក់ស្តែងងការបើកវគ្គបំប៉ននាថ្ងៃនេះ គឺដើម្បីឱ្យសាខាទាំង ២៥រាជធានី ខេត្ត មានជំនាញច្បាស់លាស់ ចំណេះដឹងថ្មីៗ បន្ថែមទៀត ដូចជា ការប្រើប្រាស់ AED និងការថែទាំអ្នករបួសដោយសារការផ្ទុះ ដែលជាគុណតម្លៃ ក្នុងការអភិវឌ្ឍន៍សាខា ឱ្យមានការរីកចម្រើន។

សូមរំលឹកជូនដែរថា វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារ ជនរងគ្រោះ អ្នកជំងឺ នៅទីកន្លែងការងារ សហគមន៍ ដែលតែងតែជួបប្រទះជាញឹកញាប់ក្នុងជីវភាពរស់នៅ។ (វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន) ផ្តល់សេវា និង ការផ្ទេរចំណេះដឹង ជំនាញ និង ឥរិយាបថ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនឹងធនធាននៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលដៅជួយសង្គ្រោះជីវិតពេលមានគ្រោះថ្នាក់ ជំងឺផ្សេងៗ ជួយសម្រួលដល់គ្រូពេទ្យងាយព្យាបាលសំដៅលើការកាត់បន្ថយភាពឈឺចាប់ និងគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





