ទីភ្នាក់ងារ JICA លើកឡើងថា៖ ឃុំសង្វើយបានក្លាយជាគំរូ ក្នុងការគ្រប់គ្រងទឹកស្អាតជនបទ សម្រាប់ពង្រីកទូទាំងប្រទេស
AKP សៀមរាប ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--ការគ្រប់គ្រងទឹកសហគមន៍នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាបបានក្លាយជាគំរូជោគជ័យមួយនៃការគ្រប់គ្រងទឹកស្អាតនៅតំបន់ជនបទ ដែលត្រូវបានលើកយកមកចែករំលែកបទពិសោធន៍ និងពង្រីកការអនុវត្តទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជា។

ដោយសមាគម WA-Links និងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះបានរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែកការអនុវត្តល្អក្នុងការគ្រប់គ្រងទឹកសហគមន៍» ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា។ សិក្ខាសាលានេះផ្តោតលើការបង្ហាញលទ្ធផល នៃការបង្កើនសមត្ថភាពគ្រប់គ្រង ដោយឯករាជ្យរបស់ប្រតិបត្តិករទឹក ក្នុងឃុំសង្វើយ និងការពង្រីកគំរូជោគជ័យនេះទៅកាន់សហគមន៍ដទៃទៀត។

លោក Yamada Masao ប្រធានសមាគម WA-Links បានមានប្រសាសន៍ថា សមាគមមានបេសកកម្មគាំទ្រឱ្យប្រព័ន្ធផ្គត់ផ្គង់ទឹកសហគមន៍ នៅកម្ពុជាដំណើរការបានល្អជាពិសេសនៅតាមភូមិតូចៗ ។ លោកបានបញ្ជាក់ថា ការគាំទ្រនៅឃុំសង្វើយ គឺផ្តោតលើការពង្រឹងសមត្ថភាពប្រតិបត្តិករទឹកក្នុងសហគមន៍ ឱ្យមានលទ្ធភាពគ្រប់គ្រង និងថែទាំប្រព័ន្ធទឹកស្អាតបានដោយប្រសិទ្ធភាព និងមាននិរន្តរភាព។
លោកស្រី Uehara Fuka មន្ត្រីទទួលបន្ទុកគម្រោងនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជាបានឱ្យដឹងថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកជនបទនៅឃុំសង្វើយ បានអនុវត្តអស់រយៈពេល ៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ ដោយផ្តោតសំខាន់លើការកសាងយន្តការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យសហគមន៍អាចគ្រប់គ្រង និងថែទាំប្រព័ន្ធទឹកបានដោយខ្លួនឯង។

លោកស្រីបានបន្ថែមថា គោលបំណងរបស់គម្រោង គឺធ្វើឱ្យឃុំសង្វើយក្លាយជាគំរូនៃការគ្រប់គ្រងទឹកស្អាតនៅជនបទ និងពង្រីកគំរូនេះទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប និងទូទាំងប្រទេស។ JICA នឹងបន្តសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រកប ដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅជនបទកម្ពុជា។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាបកំពុងជំរុញការពង្រឹងសមត្ថភាព និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ តាមរយៈស្ថាប័នសំខាន់ៗចំនួន៣ រួមមាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តសៀមរាប។ លោកបានបញ្ជាក់ថា វិស័យទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់បញ្ចូលក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលកំណត់ឱ្យប្រជាពលរដ្ឋទាំងអស់ មានទឹកស្អាតប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០៕

ដោយ ឃុត សៅ





