រដ្ឋមន្ត្រី៣ក្រសួងប្រកៀកស្នាគ្នាពិភាក្សាលើគម្រោងអភិវឌ្ឍគោលដៅលំហែបៃតងនៅតាមសហគមន៍អេកូទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--កិច្ចប្រជុំមួយបានរៀបចំឡើងដើម្បីពិភាក្សាលើការអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតាមបណ្តាសហគមន៍អេកូទេសចរណ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅទីស្ដីការក្រសួងបរិស្ថាននាព្រឹកថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលដឹកនាំដោយមេដឹកនាំក្រសួងទាំងបីគឺ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

គួររំលេចជូនផងដែរថា សហគមន៍អេកូទេសចរណ៍ គឺជាគោលដៅលំហែបៃតងប្រកបដោយភាពទាក់ទាញមួយ ដែលមានទាំងទេសភាពព្រៃឈើ ជីវៈចម្រុះ សត្វព្រៃ ទឹកធ្លាក់ វប្បធម៌ជនជាតិដើមភាគតិច និងជាទីតាំងសក្តានុពល ខ្ពស់ដែលអាចតភ្ជាប់ជារបៀងគោលដៅលំហែបៃតងនៅតំបន់ទេសភាពជួរភ្នំក្រវាញ ដែលអាចរៀបចំពង្រីកសក្តានុពលទាំងនេះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅមូលដ្ឋាន និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងការរួមចំណែកសម្រេចបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





