ឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំរ៉ូម៉ានី បង្ហាញឆន្ទៈក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Noel Eugene E. Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសរ៉ូម៉ានី នៅទីក្រុងប៊ូការ៉េស នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និងហ្វីលីពីន ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ាន ព្រមទាំងបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។

ក្នុងជំនួបនោះ ឯកអគ្គរាជទូតកម្ពុជា ក៏បានសម្តែងការកោតសរសើរចំពោះ ហ្វីលីពីន ក្នុងតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ ព្រមទាំងតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដែលរួមចំណែកក្នុងការសង្កេត ផ្ទៀងផ្ទាត់ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា–ថៃ ឯកឧត្ដម ឯកអគ្គរាជទូតបានបញ្ជាក់យ៉ាងច្បាស់ថា គោលជំហររបស់កម្ពុជា គឺការរក្សាសន្តិភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានឯកភាព។ ឯកឧត្ដមឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា កម្ពុជា បន្តប្រកាន់ខ្ជាប់ និងអនុវត្តន៍ដោយស្មោះត្រង់នូវ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានការរក្សាបទឈប់បាញ់ ការរក្សាទីតាំងកងទ័ពដោយគ្មានចលនាបន្ថែម និងការបន្តដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់។ ឯកឧត្ដមឯកអគ្គរាជទូតក៏បានឱ្យដឹងទៀតថា ការរក្សាទីតាំងកងទ័ពក្រោមបទឈប់បាញ់ មិនមានន័យថាជាការទទួលស្គាល់ ឬកំណត់កម្មសិទ្ធិលើទឹកដីនោះឡើយ។ ចំពោះការវាស់វែង និងខណ្ឌសីមាព្រំដែន ត្រូវអនុវត្តន៍តាមយន្តការផ្លូវការរបស់គណៈកម្មការចម្រុះព្រំដែន (JBC) និងផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងអំពីតួនាទីរបស់ AOT ត្រូវបានវាយតម្លៃខ្ពស់ ក្នុងនាមជាយន្តការសង្កេតការណ៍ដែលជួយផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង កសាងទំនុកចិត្ត និងរួមចំណែកធានាឱ្យការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាប្រព្រឹត្តទៅដោយតម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបជូនថា ភាគីទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព សាមគ្គីភាព និងមជ្ឈភាពអាស៊ាន ព្រមទាំងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ឱ្យកាន់តែស៊ីជម្រៅ៕
ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី





