ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េស្នើក្រុងនួនសាន់កូរ៉េសហការធ្វើទំនើបកម្មនៃវិស័យកសិកម្មពិសេសលើដំណាំ ស្រូវ និងគ្រាប់ស្វាយចន្ទី
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានស្នើសុំក្រុងនួនសាន់កូរ៉េសហការក្នុងការធ្វើទំនើបកម្មនៃវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទី ជាដើម។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការអបអរសាទរចំពោះលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោកសម្រា ប់តំណែងអភិបាលក្រុងនួនសាន់អាណ ត្តិទី២របស់លោក។
លោក Baek បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ថាក្នុងអាណត្តិទី២របស់លោក លោកមានបំណងអភិវឌ្ឍនួនសាន់ ឱ្យក្លាយជាទីក្រុងដែលមានសក្តានុពលផ្នែកឧស្សាហកម្មយោធា និងកសិកម្ម។

លោកក៏បានអញ្ជើញឯកឧត្តមឯកអគ្គរាជទូត ចូលរួមកម្មវិធី «ពិព័រណ៍ឧស្សាហកម្មស្ត្របឺរីពិភពលោកនួនសាន់ ២០២៧- 2027 Nonsan World Strawberry Industry Expo» នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូតបានថ្លែងអំណរ គុណចំពោះការអញ្ជើញសម្រាប់កម្មវិធីពិព័រណ៍ខាងលើ និងបានអញ្ជើញលោកអភិបាលក្រុងទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាអំពីការចងសម្ព័ន្ធមេត្រីជាមួយខេត្តណាមួយក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលស្រដៀង នឹងក្រុងនួនសាន់។
ទន្ទឹមនឹងនេះ ដោយសម្លឹងឃើញពីគម្រោងអភិវឌ្ឍន៍របស់ក្រុងនួនសាន់ ឯកឧត្តមក៏បានស្នើសុំក្រុងនួនសាន់សហការក្នុងការធ្វើទំនើបកម្មនៃវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទី ជាដើម ព្រមទាំងស្នើលោកអភិបា លក្រុងពិចារណានាំយកបច្ចេកទេសដាំដុះស្ត្របឺរីដ៏ល្អរបស់នួនសាន់ទៅកាន់ប្រទេសកម្ពុជា។

លើសពីនេះ ឯកឧត្តមក៏បានស្នើសាលា ក្រុងជួយជម្រុញបន្ថែមលើកិច្ចសហការរវាងសាកលវិទ្យាល័យ Konyang និងសាកលវិទ្យាល័យយោធារបស់កម្ពុជាផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងនួនសាន់ និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាដែ លកំពុងរស់នៅក្នុងតំបន់នួនសាន់ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





