រដ្ឋបាលខេត្តកណ្ដាលចុះណែនាំដល់ម្ចាស់ទីតាំងកាស៊ីណូដាយអឹមិនស្តូន បិទអាជីវកម្ម Online Betting ត្រឹមខែកញ្ញា ឆ្នាំ២០២៦
AKP កណ្ដាល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦-- លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក ដោយមានការចូលរួមពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងគ.ល.ក និងតំណាងកាស៊ីណូ ដាយអឹមិនស្តូន ដើម្បីប្រជុំណែនាំ នៃការកំណត់ពេលបិទអាជីវកម្ម Online Betting ស្ថិតនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់យ៉ាងច្បាស់អំពីបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតដែលគ្មានអាជ្ញាប័ណ្ណ ឬខុសពីលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់។ ក្នុងនោះផងដែរម្ចាស់ទីតាំងត្រូវតែបញ្ឈប់រាល់ប្រព័ន្ធប្រតិបត្តិការភ្នាល់តាមអ៊ីនធឺណិតទាំងអស់នៅក្នុងទីតាំងរបស់ខ្លួនឱ្យបានមុនកាលកំណត់ដែលអាជ្ញាធរបានណែនាំ ហើយត្រូវសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យមើលទីតាំងជាក់ស្តែង ក្នុងករណីម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងនៅតែបន្តលួចលាក់បើកដំណើរការ ឬមិនអនុវត្តតាមការណែនាំ និងកាលបរិច្ឆេទដែលបានកំណត់ អាជ្ញាធរខេត្តនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។


សូមបញ្ជាក់ថា ករណី Online Betting ត្រូវបានរដ្ឋាភិបាលមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មនោះទេ ដូច្នេះក្រុមហ៊ុន កាស៊ីណូ ដាយអឺមិនស្ដូន ត្រូវបញ្ឈប់សកម្មភាព Online Betting នេះ ត្រឹមខែកញ្ញា ឆ្នាំ២០២៦ នេះប្រសិនបើមាន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ ក្រុមការងារទាំងអស់ ដោយស្នើសុំការសហការពីខាងគ.ល.ក និងកងកម្លាំងសមត្ថិកច្ចពាក់ព័ន្ធដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត នឹងចុះត្រួតពិនិត្យតាមបណ្ដាក្រុមហ៊ុន កាស៊ីណូ ដើម្បីបញ្ជាក់ឱ្យបានជាក់លាក់អំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនកាស៊ីណូក្នុងខេត្តកណ្ដាល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





