ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន និងភូមិកណ្ដោលផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា គិតមកដល់ដើមខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីស្រូវវស្សាប្រជាពលរដ្ឋបានប្រមាណ ១៤.២៨៥ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការកាយបើកបង្ហូរទឹកតាមប្រឡាយមេ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ១១.៨៩៨ហិកតា។


ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានអញ្ជើញពិនិត្យជាក់ស្ដែងសំណង់ស្ទាក់ទឹកស្ទឹងតូចនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពលពង្វាងទឹកប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តធ្លាក់ទៅទន្លេបាសាក់៕



ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





