ពលរដ្ឋភូមិតាត្រាវរីករាយនឹងសមិទ្ធផលក្រោមការកសាងពីក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង
AKP ភ្នំពេញ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦--ពលរដ្ឋក្នុងមូលដ្ឋានភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាបបានសម្តែងនូវការសប្បាយរីករាយជាពន់ពេកចំពោះការអភិវឌ្ឍនៅក្នុងភូមិរបស់ពួកគាត់នារយៈពេលចុងក្រោយនេះ ដោយភូមិបានប្រែក្លាយពីផ្លូវដីដែលធ្លាប់តែលិចទឹក និងបែកភក់នារដូវវស្សាមកជាផ្លូវបេតុងអាមេធំទូលាយក្រោមការស្ថាបនាដោយមូលនិធិឃុំ ហើយបន្ថែមពីនេះក្រុមការងារចុះជួយមូលដ្ឋានឃុំ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ក៏បានផ្តល់ជូនពលរដ្ឋនៅទីនេះនូវអំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យបំភ្លឺតាមផ្លូវក្នុងឃុំ ដែលរហូតមកទល់ពេលនេះមានចំនួនជាង ៤០០បង្គោលហើយ។

លោកស្រី ថៃ ឡូត ជាពលរដ្ឋមួយរូបដែលមានទីលំនៅនៅភូមិតាត្រាវបានថ្លែងថា ក្នុងនាមពលរដ្ឋភូមិតាត្រាវទាំងអស់លោកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយជាពន់ពេក ដែលភូមិរបស់លោកស្រីទទួលបានការអភិវឌ្ឍដូចសព្វថ្ងៃ ដោយបានប្រែក្លាយពីផ្លូវដីដែលធ្លាប់តែលិចទឹក បែកភក់ និងពិបាកក្នុងការធ្វើដំណើរនៅរដូវវស្សាមកជាផ្លូវបេតុងអាមេធំទូលាយដែលស្ថាបនាដោយមូលនិធិឃុំ ហើយបន្ថែមដោយអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យភ្លឺចិញ្ចាចនៅពេលយប់ ក្រោមការឧបត្ថម្ភពីក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមេលា។ លោកស្រីបានឱ្យដឹងថា ក្រោយពីផ្លូវបេតុងបានស្ថាបនារួចរាល់ ហើយភ្លើងដើរដោយថាមពលព្រះអាទិត្យត្រូវបានបំពាក់អមសងខាងផ្លូវដើម្បីបំភ្លឺនៅពេលយប់ឃើញការវាអាចសម្រួលបានច្រើន ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង ហើយមួយផ្នែកក៏អាចចូលរួមទប់ស្កាត់ ឬកាត់បន្ថយនូវអំពើមិនគប្បីរបស់ជនខិលខូចមួយចំនួនផងដែរ។

លោកស្រី ថៃ ឡូត បានបន្ថែមថា ក្រោយពីមានផ្លូវស្អាត ភ្លើងភ្លឺ ពលរដ្ឋក្នុងភូមិមួយចំនួនបានចាប់អារម្មណ៍ ពីការហាត់ប្រាណដើម្បីសុខភាព ដូចជាការជិះកង់ ដើរ រត់ជាក្រុមជាដើម ដែលជួយធ្វើឱ្យពលរដ្ឋក្នុងភូមិតាត្រាវ និងភូមិក្បែរខាងបង្កើននូវភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមមួយកម្រិតទៀត ដោយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារចុះជួយឃុំកន្ទ្រាំង ដែលបានជួយអភិវឌ្ឍឃុំតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។


ក្នុងឱកាសនេះដែរ លោក លន់ លី មេភូមិតាត្រាវជួសមុខឱ្យពលរដ្ឋក្នុងភូមិទាំងមូលបានបង្ហាញពីអារម្មណ៍ សប្បាយរីករាយចំពោះសមិទ្ធផលទាំងចាស់ ទាំងថ្មីនៅក្នុងមូលដ្ឋានរបស់លោក ដោយបានគូសបញ្ជាក់ថា លោកនៅតែត្រូវការការដឹកនាំរបស់អ្នកដឹកនាំបច្ចុប្បន្ន ដើម្បីបន្តរក្សាឱ្យគង់វង្សនូវស្ថិរភាពនយោបាយ សន្តិ ភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដោយឥតងាករេសោះឡើយ ព្រោះថា មានតែស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទេ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិបានពេញលេញ៕
ដោយ៖ ចាន់ សុភឿន





