អភិបាលក្រុងដូនកែវ ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរដូវវស្សា របស់ប្រជាកសិករនៅសង្កាត់បារាយណ៍
AKP តាកែវ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ រួមជាមួយថ្នាក់ដឹក នាំការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួត ខ្វះខាតទឹកស្រោចស្រព និងបានអញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹកពីរទីតាំង ដែលស្ថិតនៅភូមិជ្រោយសំរោងនិងភូមិស្វាយជ្រំ។

លោកអភិបាលក្រុងដូនកែវ បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ជួសជុលម៉ាស៊ីនបូមទឹក ឱ្យដំណើរការបានល្អឡើងវិញ និងទិញប្រេងម៉ាស៊ូតសម្រាប់បូមទឹក ជួយសង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករ ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួត។

ការចុះអន្តរាគមន៍នេះ ធ្វើឡើងនៅភូមិជ្រោយសំរោងនិងភូមិស្វាយជ្រំ សង្កាត់បារាយណ៍ក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍៨រោចខែស្រាពណ៍ឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី05ខែកញ្ញាឆ្នាំ2026។
ក្នុងឱកាសចុះអន្តរាគមន៍ដោយផ្ទាល់ដល់ទីតាំងការដ្ឋានបូមទឹកនាពេលនោះ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានសង្កាត់-ភូមិ និងការិយាល័យជំនាញពាក់ព័ន្ធ ត្រូវយកចិ ត្តទុកដាក់ខ្ពស់ និងចុះតាមដានជាប្រចាំ នូវសកម្មភាពអន្តរាគមន៍បូមទឹក ជួយ សង្គ្រោះស្រូវរដូវវស្សាជូនប្រជាពលរដ្ឋ។ដោយមិនត្រូវបណ្តែតបណ្តោយ ឱ្យស្រូវរបស់ប្រជាកសិករខូចខាត ដោយសារការខ្វះខាតទឹកឡើយ។
លោក ឌឹម គឹមសាន បានមានប្រសា សន៍បន្តថា សុខទុក្ខនិងផលដំណាំរបស់ប្រជាកសិករ គឺជាអាទិភាពចម្បងរបស់រដ្ឋបាលក្រុងដូនកែវ។អាជ្ញាធរសង្កាត់- ភូមិ និងការិយាល័យជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការក្តាប់ ស្ថានភាពទឹកតាមប្រភពនានា និងត្រូវត្រៀមលក្ខណៈអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវរដូវវស្សា របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ទោះក្នុងតម្លៃណាក៏ដោយ គឺមិនត្រូវទុកឱ្យស្រូវរបស់ប្រជាពលរដ្ឋណាមួយ ត្រូវខូចខាតដោយសារខ្វះទឹកស្រោចស្រពនោះឡើយ។
លោកអភិបាលក្រុងដូនកែវ បានមានប្រសាសន៍បន្ថែមថា ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្ដែង និងជួយសង្គ្រោះផលដំណាំស្រូវរដូវវស្សា ជូនប្រជាព លរដ្ឋឱ្យបានទាន់ពេលវេលា។សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អាជ្ញាធរក្រុងដូនកែវ ក្នុងការរួមចំណែកការពារផលប្រយោជន៍ បន្ធូរបន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ អ៊ុច សៀង





