ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយរបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រីចែកជូនវីរកងទ័ពគ្រួសារទ័ព កងពលតូចលេខ១២៨ ទិសព្រះវិហារ
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦---
ព្រឹកថ្ងៃចន្ទទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ នាំយកអំណោយរបស់ចៅៗអ្នកឧកញ៉ាព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ចែកជូនវីរកងទ័ព និងគ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ១២៨ ទិសប្រាសាទ ព្រះវិហារ នៅទីតាំងវរសេនាតូច ៤៤៧ តំបន់ប្រតិបត្តិការសឹករងថ្មធំ ស្ថិតនៅភូមិស្វាយ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
គណៈប្រតិភូមានការចូលរួមពី ឯកឧត្ដម ជិត គន្ទុល អគ្គាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម គីម រិទ្ធី អភិ បាល នៃគណៈអភិបាលខេត្តព្រះវិហារ។


លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ បានបញ្ជាក់ថា នេះជាអំណោយលើកទី៧ ដែលឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយជូនដល់កងពលអន្តរាគមន៍តូចលេខ១២៨ ទិសប្រាសាទព្រះវិហារ ហើយក៏ជាអំណោយលើកទី៦ របស់ឯកឧត្តម អភិ បាលខេត្តព្រះវិហារផងដែរ សម្រាប់កងពលអន្តរាគមន៍លេខ១២៨ ។ ហើយថ្ងៃនេះ ក៏សូមថ្លែងអំណគុណឯកឧត្តម ជិត គន្ទុល បាន នាំយកអំណោយរបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបា សក លីន គ្រី ជូនកងទ័ពទិសប្រាសាទព្រះវិហារ សូមឪ្យឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងចៅរបស់ អ្នកឧកញ៉ា និងមហាបាសក មានសុខភាពល្អ គ្រប់ក្រុមគ្រួសារ ។


ឯកឧត្តម ជិត គន្ទុល អគ្គាធិកាការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះបានធ្វើការសំណេះ សំណាល សួរសុខទុក្ខវីរកងទ័ពកងពលអន្តរាគមន៍លេខ១២៨ ហើយសម្ភារៈទាំងអស់នេះ គឺជាការផ្តួចផ្តើមថ្មីៗដោយមានការចូលរួមរបស់ក្រុុមគ្រួសារ ចៅៗអ្នកឧកញ៉ាព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ដែលបានមូលមតិគ្នា ហើយក៏មានការចូលរួមរបស់ ឯកឧត្តម អភិបាលខេត្តព្រះសីហនុផងដែរ បាន នាំយកនូវគ្រឿងឧបភោគ បរិភោគប្រគល់ជូនវីរៈកងទ័ពកងពលអន្តរាគមន៍លេខ១២៨ នាពេលនេះ ។ ព្រមទាំងធ្វើការផ្តាំផ្ញើរសួរសុខទុកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្តេចមិនដែលបោះបង់បងប្អូនកងទ័ពរបស់យើងនោះទេ សម្តេចមានយុទ្ធសាស្ត្រក្នុងការដោះស្រាយដោយ សន្តិវិធី ជាមួយភាគីថៃ ដែលបានបំពានមកលើកម្ពុជា ជាពិសេសបំពានលើច្បាប់អន្តរជាតិថែម ទៀតផង ។


សូមថ្លែងអំណរគុណវីរៈភាពបងៗ ប្អូនៗជាកងទ័ពដែលបាននឹងកំពង់ឈរជើងការពារទឹកដី ការពារជាតិ ការពារមាតុភូមិកម្ពុជា និងសូមជូនពរវីរៈកងទ័ពរបស់យើងដែលបានលះបង់កម្លាំងកាយ ឈាមស្រស់ សាច់ស្រស់ដើម្បីការពារបូរណភាព ការពារប្រជាពលរដ្ឋ និងទឹកដីកម្ពុជា តាមខ្សែបន្ទាត់ ព្រំដែន ឪ្យមានសុវត្ថិភាព ល្អ កម្លាំងកាយមាំមួនឈ្នះអស់មារសត្រូវ។
អំណោយរបស់ចៅៗអ្នក ឧកញ៉ា ព្រឹទ្ធឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ឧបត្ថម្ភជូនវីរកងទ័ពកងពលតូចអន្តរាគមន៍លេខ១២៨ ទិសប្រាសាទព្រះវិហារ និងគ្រួសារកងទ័ព មានដូចជា គ្រឿងឧបភោគបរិភោគចំនួន ១៥មុខ និងថវិកាជូនកងទ័ពចំនួន ៥៤ ២២៥ ០០០រៀល ម្នាក់ (៥០ ០០០រៀល) និងថវិកាជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៣០ ០០០ ០០០រៀល ៕ ដោយ៖ងូ សុមុនី





