ផលិតផលកសិ-កែច្នៃកម្ពុជា បន្តពង្រីកវត្តមានលើទីផ្សារអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី៣១ ខឺសីហា ឆ្នាំ២០២៦–ផលិតផលកសិ-កែច្នៃកម្ពុជា កំពុងបន្តពង្រីកវត្តមានលើទីផ្សារអន្តរជាតិក្រោមកិច្ចសម្របសម្រួលដោយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ខណៈដែរការធ្វើពិពិធកម្មទីផ្សារកំពុងជាយុទ្ធសាស្ត្ររបស់កម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផ្អែកលើទិសដៅយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
ប្រភពដដែលបានបន្តថា ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice អង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, អង្ករប្រណីត Emerald River នៅលើទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើធ្នើផ្សារទំនើបលក់ដុំធំបំផុតមួយរបស់សហរដ្ឋអាមេរិក COSTCO Wholesale ផងដែរ។
លើសពីនេះ លើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice របស់ក្រុមហ៊ុន Amru Rice ក៏បានដាក់ ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកជាវបានយ៉ាងងាយស្រួលនៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅបណ្តាញផ្សារទំនើប DFI Retail Group ក្នុងទីក្រុងហុងកុង។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ផលិតផលកសិ-កែច្នៃកម្ពុជាក៏បានបង្ហាញវត្តមានលើធ្នើផ្សារទំនើប COSTCO តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដែលបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។
ស្របពេលនោះដែរ ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួនរួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដោយក្នុងនោះដៃគូចែកចាយនៅប្រទេសជប៉ុនបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប AEON នៅប្រទេសជប៉ុន ហើយនៅលើទីផ្សារប្រទេសបារាំង ផលិតផលក្រោមយីហោ OJA កំពុងមានវត្តមាននៅផ្សារទំនើប Carrefour ចំនួន ៦ សាខា និងឱសថស្ថានចំនួន ២០ ទីតាំង ព្រមទាំងគ្រោងពង្រីកខ្លួនបន្ថែមទៅកាន់ Monoprix, EPIC & GIE UNIFRAIS និង Intermarché នាពេលឆាប់ៗខាងមុខ។
បន្ថែមលើនេះ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន HCST ក៏បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។
ជាមួយគ្នានេះប្រភពដដែលបានបន្តថា ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ក៏ជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញលំដាប់ប្រណីត ទទួលបានការគាំទ្រខ្លាំងលើទីផ្សារសហភាពអឺរ៉ុប អាមេរិក និងជប៉ុន។ ទន្ទឹមនឹងនេះ ក្រុមផលិតផលគ្រឿងទេស ទឹកជ្រលក់ និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) រួមមាន គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រីស្តង់ដាគុណភាពខ្ពស់ និងផលិតផលជលផលកែច្នៃ (ប្រហុក ត្រីឆ្អើរ) ក៏កំពុងពង្រីកការនាំចេញយ៉ាងសកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុបផងដែរ។
ជាពិសេស គ្រាប់ស្វាយចន្ទីកម្ពុជាកំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១៦,០០០ សាខាទូទាំងប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពគ្របដណ្ដប់លើទីផ្សារយុទ្ធសាស្ត្រសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប អូស្ត្រាលី សិង្ហបុរី ហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ផលិតផលកសិផល និងកសិ-កែច្នៃកម្រិតខ្ពស់របស់កម្ពុជា បានបង្កើតជំហរយ៉ាងរឹងមាំនៅលើទីផ្សារអន្តរជាតិ ដោយមានវត្តមានលើធ្នើផ្សារទំនើបឈានមុខលំដាប់ពិភពលោក រួមមាន COSTCO, E.Leclerc, Carrefour, Monoprix, EPIC & GIE UNIFRAIS, Intermarché, Boettger, Cold Storage, NTUC FairPrice, DFI Retail Group, Whitworths និង AEON Japan។

ដោយ៖ ស្រីពេជ្រ





