រដ្ឋបាលស្រុកឯកភ្នំ ជូនដំណឹងឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងកំពុងហក់ឡើងខ្លាំង
AKP បាត់ដំបង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦–រដ្ឋបាលស្រុកឯកភ្នំ បានប្រកាសជូនដំណឹងឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករស់នៅអមសងខាងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈទឹកស្ទឹងសង្កែ នៃខេត្តបាត់ដំបង កំពុងហក់ឡើងខ្លាំង ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ដោយសារជំនន់ទឹកស្ទឹងសង្កែ ។

តាមរបាយការណ៍របស់ដ្ឋបាលស្រកបានបង្ហាញថា ទឹកជំនន់បានលិចចូលខ្នងផ្ទះប្រជាពលរដ្ឋចំនួន ១ ៤៦៧ ខ្នងផ្ទះ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ១៤១ ហិកតា ដំណាំពោត ០២ ហិកតា និងដំណាំរួមផ្សំ ០១ ហិកតា។ ជាមួយគ្នានេះ ផ្លូវថ្នល់សរុបចំនួន ៤៨ ទីតាំង ស្មើនឹង ២២,៦៣៥ ម៉ែត្រ ក៏ត្រូវបានជន់លិចផងដែរ ដែលក្នុងនោះមានផ្លូវកៅស៊ូ ៣,២២០ ម៉ែត្រ ផ្លូវបេតុង ៦២០ ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ១៣,៥០០ ម៉ែត្រ និងផ្លូវដី ៥,២៩០ ម៉ែត្រ។ ឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ឃុំព្រែកខ្ពប និងឃុំសំរោងក្នុង។
ចំពោះស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបង វិញគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានកម្ពស់១៣,៥០ម៉ែត្រ រដ្ឋបាខេត្តបាត់ដំបង សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ពិសេសអ្នកស្រុកឯកភ្នំបន្តប្រុងប្រយ័ត្នខ្ពស់ កំពស់ទឹកអាចបន្តឡើងបន្តិចនៅថ្ងៃនេះ និងអាចស្រកចុះទៅវិញនៅថ្ងៃបន្ទាប់ ៕



ដោយ៖ ណយ នឿន





