ពលរដ្ឋឃុំចង្ហាសាទរយ៉ាងកក់ក្តៅ ខណៈទទួលបានបណ្ណកម្មសិទ្ធិដីធ្លីជិត ៩ពាន់បណ្ណ ជាសក្ខីភាពនៃការធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--ស្នាមញញឹម សេចក្តីសោមនស្ស និងការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅនៃការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសារផ្លូវច្បាប់បញ្ជាក់ពីសិទ្ធិកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងជួយបង្កើនភាពកក់ក្តៅចិត្តក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

ប្រជាពលរដ្ឋដែលមកពីចំនួន ០៦ភូមិ ក្នុងឃុំចង្ហា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជំរុញការដោះស្រាយបញ្ហាដីធ្លីដែលជាបញ្ហាមួយមានទំនាក់ទំនងដោយផ្ទាល់ជាមួយជីវភាព និងសន្តិសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការសាទររបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន ០៦ភូមិ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ សរុបចំនួន ៨,៩៧៨ បណ្ណ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តសិលាអណ្តែត (ហៅវត្តចង្ហា) ស្ថិតក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក លី សុវណ្ណារិទ្ធ បានគូសបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ មិនមែនគ្រាន់តែជាការប្រគល់ឯកសារមួយសន្លឹកជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាការបំពេញនូវកិច្ចការសំខាន់មួយក្នុងការធានាសិទ្ធិកាន់កាប់ និងសិទ្ធិកម្មសិទ្ធិលើអចលនវត្ថុរបស់ប្រជាពលរដ្ឋឱ្យមានភាពច្បាស់លាស់ និងស្របតាមច្បាប់។
លោកបានលើកឡើងថា បណ្ណកម្មសិទ្ធិដីធ្លីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះបណ្ណនេះអាចជួយបញ្ចប់ក្តីព្រួយបារម្ភដែលពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់ដីធ្លី ព្រមទាំងជួយកាត់បន្ថយ និងទប់ស្កាត់បញ្ហាវិវាទដីធ្លីដែលអាចកើតមាននាពេលអនាគត។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការផ្តល់បណ្ណកម្មសិទ្ធិ គឺជាការទទួលស្គាល់ និងធានានូវសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ប្រជាពលរដ្ឋដែលទទួលបានបណ្ណ គួររក្សាទុកឱ្យបានល្អ និងប្រើប្រាស់បណ្ណនេះឱ្យមានប្រយោជន៍ស្របតាមច្បាប់។ការផ្តល់បណ្ណជូនប្រជាពលរដ្ឋចំនួន ៨,៩៧៨បណ្ណ នៅឃុំចង្ហា ក៏ជាសកម្មភាពមួយដែលបង្ហាញពីការបន្តយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ក្នុងការនាំសេវាសាធារណៈដែលមានសារៈសំខាន់ទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន។

ដូច្នេះ សេចក្តីសោមនស្សរីករាយរបស់ប្រជាពលរដ្ឋឃុំចង្ហានាពេលនេះ មិនមែនជាការសាទរចំពោះបណ្ណកម្មសិទ្ធិដែលទទួលបានតែមួយមុខនោះឡើយ ប៉ុន្តែជាការបង្ហាញពីតម្លៃនៃសេវាសាធារណៈដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ បណ្ណកម្មសិទ្ធិជិត ៩ពាន់បណ្ណ ដែលត្រូវបានប្រគល់ជូននៅថ្ងៃនេះ បានក្លាយជាសក្ខីភាពមួយបន្ថែមទៀតនៃការពង្រឹងភាពច្បាស់លាស់លើសិទ្ធិដីធ្លី និងការបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិសុខ ស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





